អដ្ឋកថាអញ្ញាណកថាជាដើម

ក្បាលទី 71 · ទំព័រ 416

អញ្ញាណកថាជាដើម [ ៤៥-១៩២ ] ឥឡូវនេះ នឹងពណ៌នាអំពីរឿងទាំង ៣ គឺការមិនដឹង ការសង្ស័យ និងការឆ្លងផុត ដោយបុគ្គលដទៃដូចតទៅក្នុង រឿងទាំងនោះ ជនទាំងឡាយណាមានលទ្ធិ ដូចលទ្ធិរបស់និកាយ ទាំងឡាយ មាននិកាយបុព្វសេលិយៈជាដើម ក្នុងខណៈនេះថា អញ្ញាណ គឺ ការមិនដឹងរបស់ព្រះអរហន្ត មាន ព្រោះមិនមានញាណកើតឡើងក្នុងឈ្មោះ និងគោត្តនៃជនទាំងឡាយជាដើម មានស្ត្រី និងបុរសផងជាដើម ដោយកង្ខា គឺការសង្ស័យរបស់ព្រះអរហន្ត មាន ព្រោះការមិនមានសន្និដ្ឋាន គឺការដាក់ ចិត្តក្នុងរឿងនោះឯងផង ។ ម្យ៉ាងទៀត ជនពួកដទៃ រមែងណែនាំ រមែង ប្រកាស រមែងប្រាប់រឿងទាំងឡាយដល់ព្រះអរហន្តទាំងនោះ ព្រោះហេតុនោះ ទើបការណែនាំ ( បរវិតារណា ) ដល់ព្រះអរហន្តទាំងនោះ មាន ដូច្នេះ ។ ពាក្យសួរក្នុងរឿងទាំង ៣ ដើម្បីទម្លាយលទ្ធិរបស់ជនទាំងនោះ ជាពាក្យ របស់សកវាទី ។ ពាក្យឆ្លើយទទួល និងពាក្យបដិសេធជាពាក្យរបស់បរវាទី ។ ក្នុងពាក្យសួរ និងពាក្យវិសជ្ជនាទាំងពួង បណ្ឌិតគប្បីជ្រាបអត្ថ តាមព្រះ បាលី ដែលមកហើយតាមលំដាប់ហោង ។ អដ្ឋកថាអញ្ញាណកថាជាដើម ចប់