អដ្ឋកថាទុក្ខាហារកថា
ក្បាលទី 71 · ទំព័រ 433
ឥឡូវនេះ នឹងពណ៌នាអំពីការពោលថា ទុក្ខ ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់ពួកនិកាយ បុព្វសេលិយៈជាដើម ក្នុងខណៈនេះថា កាលបុគ្គលណា ពោលវាចាថា ទុក្ខ ទុក្ខ ដូច្នេះ បុគ្គលនោះ ឈ្មោះថា នាំមកនូវញាណក្នុងទុក្ខ វាចានោះ លោក ហៅថា ទុក្ខាហារ ទុក្ខាហារនោះឯង ជាអង្គនៃមគ្គ និងរាប់បញ្ចូលក្នុងមគ្គ ដូច្នេះ ។ សកវាទីសំដៅដល់ជនទាំងនោះ ទើបសួរបរវាទីថា ទុក្ខាហារោ ដូច្នេះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបញ្ញាដំបូងថា យេ កេចិ បរវាទីសំដៅយកបុគ្គលដែលមិនឃើញច្បាស់ ទើបឆ្លើយបដិសេធ ។ ក្នុងបញ្ញាទី ២ បរវាទីឆ្លើយទទួល សំដៅយកបុគ្គលឃើញ ច្បាស់ ។ ការឃើញច្បាស់ ឬការមិនឃើញច្បាស់នោះ ត្រឹមតែជាលទ្ធិរបស់ បរវាទីប៉ុណ្ណោះ ព្រោះហេតុនោះ ដើម្បីទម្លាយវាទៈរបស់បរវាទីនោះថា សព្វេ តេ ទើបសកវាទីសួរថា ពាលបុថុជ្ជនា ជាដើម ។ សេចក្តីនោះ មាន អត្ថងាយយល់ហើយ ។