អដ្ឋកថាចិត្តដ្ឋិតិកថា

ក្បាលទី 71 · ទំព័រ 441

ឥឡូវនេះ នឹងពោលអំពីការតាំងនៅនៃចិត្តដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយ ដែលមានប្រភេទតាមដែលពោលហើយខាងដើម ក្នុងខណៈនេះ ថា ចិត្ត ១ ដួងប៉ុណ្ណាះ រមែងតាំងនៅអស់កាលយូរ ព្រោះឃើញចិត្តនៃ សមាបត្តិ និងភវង្គចិត្ត ដែលប្រព្រឹត្តទៅជាប់តគ្នាដោយលំដាប់ ពាក្យសួរ ដើម្បីជម្រះលទ្ធិនោះថា ឯកំ ចិត្តំ ទិវសំ តិដ្ឋតិ ជាដើម ជាពាក្យរបស់ សកវាទី ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបញ្ញាថា ឧបឌ្ឍទិវសោ ឧប្បាទក្ខណោ លោកធ្វើពាក្យសួរដោយ អំណាចនៃការកើត និងការរលត់ដោយទេសនាន័យ ( ក្នុងសំយុត្តនិកាយ សគាថវគ្គ ) ថា សង្ខារទាំងឡាយ មិនទៀងទេហ្ន៎ មានការកើតឡើង និង ការសូន្យទៅវិញជាធម្មតា ដូច្នេះជាដើម ដោយមិនកាន់យកខណៈតាំងនៅ នៃចិត្ត ។ បរវាទីនោះ ត្រូវសកវាទីសួរថា តេ ធម្មា ចិត្តេន លហុបរិវត្តា កាលមិនឃើញធម៌ទាំងឡាយ ដែលកើតរលត់រហ័សជាងចិត្ត ទើប ឆ្លើយបដិសេធ ។ ត្រូវសួរលើកទី ២ លោកប្រាថ្នាការតាំងនៅអស់កាលយូរ នៃចិត្តណា ក៏ឆ្លើយទទួល ដោយសំដៅយកចិត្តនោះ ។ ក្នុងបញ្ញាទាំងឡាយថា យាវតាយុកំ តិដ្ឋតិ សេចក្តីថា បរវាទីឆ្លើយបដិសេធដោយវៀរអរូប និងឆ្លើយទទួល បុគ្គលដែលកើតក្នុង អរូប ដោយអំណាចនៃព្រះបាលីថា ពួកទេវតាណា ស្ថិតនៅអស់ ៨៤០០០ កប្ប ដូច្នេះជាដើម ។ ក្នុងបញ្ញារបស់បរវាទីថា មហុត្តំ មហុត្តំ ឧប្បជ្ជតិ សកវាទី ឆ្លើយទទួល ព្រោះខ្លាចខុសអំពីព្រះសូត្រថា សង្ខារទាំងឡាយ មិនទៀង ទេហ្ន៎ មានការកើតឡើង និងការសូន្យទៅវិញជាធម្មតា ដូច្នេះជាដើម តែ បរវាទីនោះ ពេញចិត្តការតាំងនៅនៃចិត្ត ដោយអំណាចនៃលទ្ធិរបស់ខ្លួន ។