អដ្ឋកថាកុក្កុឡកថា
[ ១៩៤-២០២ ] ឥឡូវនេះ នឹងពណ៌នាអំពីផេះក្តៅដូចតទៅក្នុង រឿងនោះ ជនពួកណា មានលទ្ធិ ដូចលទ្ធិរបស់និកាយគោកុលិកៈ ទាំងឡាយ ក្នុងខណៈនេះថា សង្ខារទាំងពួង ដូចផេះក្តៅ គឺដូចគ្នានឹងឆារិកនរក ដែលលាយឡំដោយរងើកភ្លើង ដែលប្រាសចាកអណ្តាតដោយពិត ប៉ុណ្ណោះ ព្រោះមិនពិចារណាកាន់យកព្រះសូត្រដែលព្រះមានព្រះភាគត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងអស់ ជារបស់ក្តៅ និងព្រះតម្រាស់ថា សង្ខារទាំងពួង នាំមកនូវសេចក្តីទុក្ខ ដូច្នេះជាដើម ។ ពាក្យសួរ ជាពាក្យ របស់សកវាទី ដើម្បីញាំញីលទ្ធិនោះ របស់ជនទាំងនោះ ដោយការចង្អុល បង្ហាញដល់សេចក្តីសុខ មានប្រការផ្សេងៗ ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ ក្នុងបញ្ញានោះ បទថា អនោធិកត្វា បានដល់ មិនធ្វើការ បែងចែកឲ្យជាព្រំដែនចំណែកមួយ អធិប្បាយថា មិនធ្វើវត្ថុទាំងពួងនោះឯង ឲ្យប្លែកគ្នា ។ ពាក្យដ៏សេសក្នុងទីទាំងពួង គប្បីជ្រាបដោយន័យដែលសម្តែង ហើយក្នុងព្រះបាលី ព្រមទាំងការអះអាង ដោយព្រះសូត្រនោះឯង ។