អដ្ឋកថាអនុបុព្វាភិសមយកថា
ឥឡូវនេះ នឹងពណ៌នាអំពីការត្រាស់ដឹងដោយលំដាប់តទៅក្នុង រឿងនោះ ជនទាំងឡាយណា កើតមានលទ្ធិ នៃការត្រាស់ដឹងផ្សេងៗ ដូចលទ្ធិរបស់និកាយអន្ធកៈ និកាយសព្វត្ថិកវាទ និកាយសមិតិយៈ និង និកាយភ្រទ្ទយានិកទាំងឡាយ ក្នុងខណៈនេះយ៉ាងនេះថា ការសម្រេចអរហត្តផលមាន ព្រោះការលះកិលេសដោយលំដាប់ ១៦ ចំណែកយ៉ាងនេះ គឺ បុគ្គល ដែលបដិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល រមែងលះកិលេស ទាំងឡាយបានខ្លះ ដោយការឃើញនូវទុក្ខ រមែងលះកិលេសខ្លះ បានដោយ ការឃើញសមុទយៈ … និរោធ … មគ្គ បុគ្គល ដែលបដិបត្តិដ៏សេស ក៏ដូចគ្នា ដូច្នេះ ព្រោះកាន់យកដោយមិនពិចារណានូវព្រះសូត្រទាំងឡាយ ដែល ព្រះមានព្រះភាគត្រាស់ ( ក្នុងខុទ្ទកនិកាយ ធម្មបទ ) ថា អ្នកមានប្រាជ្ញា គួរកម្ចាត់បង់មន្ទិលរបស់ខ្លួនបន្តិចម្តងៗ រាល់ៗ ខណៈ ដោយលំដាប់ ដូចជាងមាសជម្រះស្នឹម ឬច្រែះ របស់មាស ដូច្នេះ ។ ដើម្បីញាំញីលទ្ធិនៃជនទាំងនោះ ទើបសកវាទីសួរថា អនុបុព្វាភិសមយោ ដូច្នេះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បរវាទីត្រូវសួរថា អនុបុព្វេន សោតាបត្តិមគ្គំ ក៏ឆ្លើយបដិសេធ ព្រោះខ្លាចចំពោះការត្រាស់ដឹង ចំនួនច្រើន របស់មគ្គមួយ ។ ត្រូវសួរលើកទី ២ ឆ្លើយទទួល ដោយអំណាច នៃការឃើញទុក្ខជាដើម ។ ម្យ៉ាងទៀត បរវាទីឆ្លើយទទួល ដោយការគិតថា ញាណទាំង ៤ នោះ ជាសោតាបត្តិមគ្គ ១ បុណ្ណោះ តែរមែងប្រាថ្នាផល ត្រឹមតែ ១ ព្រោះហេតុនោះ ទើបបដិសេធ ក្នុងសកទាគាមិមគ្គជាដើម ក៏ន័យនេះដូចគ្នា ។