អដ្ឋកថាវោហារកថា
ឥឡូវនេះ នឹងពណ៌នាអំពីវោហារដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយ ក្នុងខណៈនេះថា ព្រះមានព្រះភាគត្រាស់ដោយព្រះតម្រាស់ដែល ជាលោកុត្តរ ដូច្នេះ ពាក្យសួរ ជាពាក្យរបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ដោយអំណាចនៃលទ្ធិ ។ បទថា លោកុត្តរេ សោតេ ជាដើម សកវាទីពោលហើយ ដើម្បីសម្តែង ភាពដែលបរវាទីនោះ ជាអ្នកមានប្រក្រតីពោលមិនត្រឹមត្រូវ ។ ក្នុងសេចក្តី នេះ លោកអធិប្បាយដូច្នេះថា សទ្ទាយតនៈនោះឯង ជាលោកុត្តរ ឬសូម្បី អាយតនៈ មានសោតៈជាដើម ក៏ជាលោកុត្តរ តាមលទ្ធិរបស់អ្នក ។ ក្នុងបទថា ហញ្ចិ ពុទ្ធស្ស ភគវតោ វោហារោ លោកិយេ សោតេ បដិហញ្ញតិ នេះ សេចក្តីថា បុគ្គល មិនគប្បីកាន់យកអត្ថយ៉ាងនេះ ថា បើព្រះតម្រាស់របស់ព្រះមានព្រះភាគនោះ គប្បីប៉ះខ្ទប់សោតៈដែលជា លោកុត្តរបានសោត ព្រះតម្រាស់នោះ គប្បីជាលោកុត្តរបាន ។ ក្នុងសេចក្តី នេះ មានអធិប្បាយដូចតទៅនេះ ឈ្មោះថា ព្រះតម្រាស់របស់ព្រះមានព្រះភាគ ដែលប៉ះខ្ទប់នូវសោតៈ ដែលជាលោកិយ ជាលោកុត្តរ រមែងមិនមាន ។ ក្នុងបទនេះថា លោកិយេន វិញ្ញាណេន បានដល់ ដោយ លោកិយប៉ុណ្ណោះ ។ ភាពមិនមែនតែមួយ គប្បីមានដោយប្រការដទៃ ។ ពិតហើយ លោកុត្តរ រមែងដឹងបានដោយញាណដែលជាលោកិយ ។ បណ្ឌិត គប្បីជ្រាបអត្ថទាំងពួង តាមសមគួរយ៉ាងនេះ ។ ក្នុងបញ្ញាទាំងឡាយថា សព្វេ តេ មគ្គំ ភាវេន្តិ បរវាទី រមែងបដិសេធ ព្រោះសំដៅយកចំពោះបុគ្គលដែលមិនបានមគ្គ តែឆ្លើយ ទទួល ព្រោះសំដៅយកបុគ្គលដែលបានមគ្គ ។