អដ្ឋកថាពលកថា

ក្បាលទី 71 · ទំព័រ 486

ឥឡូវនេះ នឹងពណ៌នាអំពីពលដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយ ក្នុងខណៈនេះថា កម្លាំងរបស់ព្រះតថាគតទួទៅដល់សាវ័ក ទាំងឡាយ ព្រោះកាន់យកព្រះសូត្រ ១០ ក្នុងអនុរុទ្ធសំយុត្ត ដោយមិន ពិចារណាថា ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវហេតុដ៏គួរ តាមហេតុដ៏គួរផង នូវហេតុដ៏មិនគួរ តាមហេតុដ៏មិនគួរផង ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ដូច្នេះ ពាក្យសួរ សំដៅដល់ជនទាំងនោះ ជាពាក្យរបស់សកវាទី ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ព្រោះតាំងនៅក្នុងលទ្ធិ ។ ម្យ៉ាងទៀត ឈ្មោះថា កម្លាំងនៃព្រះតថាគតនេះ ទួទៅដល់សាវ័កទាំងឡាយក៏មាន មិនទួទៅក៏មាន ទួទៅផង មិនទួទៅផង ក៏មាន ។ ក្នុងកម្លាំងទាំងនោះ ញាណក្នុងការអស់ទៅនៃអាសវៈទាំងឡាយ ឈ្មោះថា សាធារណៈ គឺទួទៅដល់សាវ័ក តែឥន្ទ្រិយបរោបរិយត្តិញ្ញាណ ជាអសាធារណញ្ញាណ ញាណដ៏សេស ជាសាធារណៈផង ជាអសាធារណៈ ផង ។ ពិតហើយ សាវ័កទាំងឡាយ រមែងដឹងនូវឋានាឋានញ្ញាណជាដើម បានដោយចំណែកខ្លះ តែព្រះតថាគតទាំងឡាយ រមែងដឹងឋានាឋានញ្ញាណ ជាដើមបាន ដោយឥតសេសសល់ ។ សាវ័កទាំងឡាយ រមែងដឹងសាធារណញ្ញាណទាំងនោះដោយឧទ្ទេស គឺដោយមាតិកា មិនដឹងដោយនិទ្ទេស គឺ ដោយការនាំចេញសម្តែងដោយពិស្តារ ដោយប្រការដូច្នេះ ។ លទ្ធិនេះពោល ថា កម្លាំងរបស់ព្រះតថាគតទាំងឡាយ ទួទៅដល់សាវ័កដោយមិនប្លែកគ្នា ។ ដើម្បីញាំញីលទ្ធិនោះៗ អំពីពាក្យនោះ ទើបសកវាទីផ្តើមសាកសួរទៀតថា តថាគតពលំ សាវកពលំ ដូច្នេះជាដើម ។ ក្នុងបញ្ញាទាំងនោះ បញ្ញាទី ១ បរវាទីសំដៅយកភាពដែលកម្លាំងទាំងនោះ ជាវិស័យដោយអាការទាំងអស់ ដោយនិទ្ទេស ទើបឆ្លើយបដិសេធ ។