អដ្ឋកថាទិព្វចក្ខុកថា
ឥឡូវនេះ នឹងពណ៌នាអំពីទិព្វចក្ខុដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយអន្ធកៈ និងនិកាយសមិតិយៈទាំងឡាយ ក្នុងខណៈនេះថា មំសចក្ខុនោះឯង ដែល ធម៌ គឺចតុត្ថជ្ឈានឧបត្ថម្ភហើយ ឈ្មោះថា ជាទិព្វចក្ខុ ដូច្នេះ សកវាទីសំដៅ ដល់ជនទាំងនោះ ទើបសួរថា មំសចក្ខុំ ដូច្នេះ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ ក៏ត្រូវសួរទៀតថា មំសចក្ខុ ទិព្វចក្ខុ ទិព្វចក្ខុ មំសចក្ខុ បរវាទីបដិសេធថា មំសចក្ខុនោះត្រឹមតែជាមំសចក្ខុបុណ្ណោះ មិនមែនដទៃ ។ ក្នុងពាក្យសួរទាំងឡាយថា យាទិសំ ជាដើម បរវាទីឆ្លើយ បដិសេធ ព្រោះភាពដែលចក្ខុទាំង ២ នោះ មិនមានសភាពដូចគ្នា ។ ក្នុងបញ្ញា មានពាក្យថា វិសយោ ជាដើម សេចក្តីថា រូបាយតនៈនោះឯង ជាវិស័យនៃចក្ខុទាំង ២ អធិប្បាយថា មំសចក្ខុ រមែង ឃើញរូបដែលមកកាន់គន្លងនៃចក្ខុបុណ្ណោះ ឯទិព្វចក្ខុ រមែងឃើញរូបដែល មិនមកកាន់គន្លងនៃចក្ខុបាន សូម្បីរូបនោះ មានភ្នំបាំងជាដើម ។ ម្យ៉ាងទៀត រូបល្អិតក្រៃលែង ក៏ជាគោចរ គឺជាអារម្មណ៍នៃទិព្វចក្ខុបាន តែរូបបែបនេះ ជាអារម្មណ៍របស់មំសចក្ខុមិនបានឡើយ ព្រោះហេតុនោះ អានុភាព គឺ អំណាច និងគោចរ គឺអារម្មណ៍នៃចក្ខុទាំង ២ នេះ ទើបមិនដូចគ្នា ដោយ ប្រការដូច្នេះ ។ ត្រូវសួរថា ឧបទិន្នំ ហុត្វា អនុបទិន្នំ ហោតិ ព្រោះ បរវាទីកាន់យកថា មំសចក្ខុ ជាឧបាទិន្ន ឯទិព្វចក្ខុ ជាអនុបាទិន្ន ទាំង មំសចក្ខុនោះឯង ក៏មិនជាទិព្វចក្ខុ ព្រោះហេតុនោះ ទើបឆ្លើយបដិសេធ ។