អដ្ឋកថាអសញ្ញកថា
ក្បាលទី 71 · ទំព័រ 550
ឥឡូវនេះ នឹងពណ៌នាការមិនមានសញ្ញាដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយអន្ធកៈ ទាំងឡាយ ក្នុងខណៈនេះថា ឈ្មោះថា បដិសន្ធិ វៀរចាកវិញ្ញាណ មិនមាន ព្រោះពាក្យថា វិញ្ញាណ មាន ព្រោះសង្ខារជាបច្ច័យ ដូច្នេះ សញ្ញាក្នុង ខណៈនៃចុតិ និងបដិសន្ធិរបស់អសញ្ញីសត្វទាំងឡាយ មាន ព្រោះពាក្យថា អសញ្ញីទេវតាទាំងនោះ រមែងចុតិចាកពួកនោះ ព្រោះការកើតឡើងនៃសញ្ញា ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បន្ទាប់អំពីនោះ សកវាទី ដើម្បីនឹងសួរបរវាទីដោយ ពាក្យជាដើមថា ឋានៈនោះ ជាភពមានសញ្ញា តាមលទ្ធិរបស់អ្នកឬ ទើប ពោលពាក្យថា សញ្ញភវោ សញ្ញគតិ ដូច្នេះជាដើម ។ ពាក្យទាំងពួង និង ពាក្យដទៃក្រៅពីពាក្យនោះ គប្បីជ្រាបដោយន័យរបស់ព្រះបាលីនោះឯង ។