អដ្ឋកថាគិហិស្សអរហាតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីគ្រហស្ថ គប្បីជាព្រះអរហន្តបាន ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយ ក្នុងខណៈនេះថា គ្រហស្ថគប្បីជាព្រះអរហន្តបាន ព្រោះឃើញការកើតឡើង នៃព្រះអរហន្តរបស់ជនទាំងឡាយ មានយសកុលបុត្តជាដើម ដែលតាំងនៅក្នុងភេទគ្រហស្ថ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ បណ្តាបទទាំងនោះ បទថា គិហិស្ស អធិប្បាយ ថា បុគ្គលណា ឈ្មោះថា គ្រហស្ថ ព្រោះប្រកបព្រមដោយសំយោជនៈ របស់គ្រហស្ថ បុគ្គលនោះ គប្បីជាព្រះអរហន្តបានឬ ឯបរវាទីមិនកំណត់ ដល់បំណង កាលឃើញត្រឹមតែភេទគ្រហស្ថបុណ្ណោះ ទើបឆ្លើយទទួល ។ ឥឡូវនេះ សកវាទីក៏ផ្តើមពាក្យថា អត្ថិ អរហតោ ដើម្បីសម្តែងន័យនេះថា ឈ្មោះថា បុគ្គលគប្បីជាគ្រហស្ថ ក៏រមែងកើតដោយសំយោជនៈរបស់ គ្រហស្ថ មិនមែនជាគ្រហស្ថដោយត្រឹមតែភេទ សមដូចពាក្យដែលព្រះមាន ព្រះភាគត្រាស់ ( ក្នុងខុទ្ទនិកាយ ធម្មបទ ) ថា បើបុគ្គលណា មានខ្លួនប្រដាប់ស្អិតស្អាងហើយ ( ដោយគ្រឿង អម្ពរ ) តែគប្បីប្រព្រឹត្តស្មើ អ្នកស្ងប់រម្ងាប់ ទូន្មាន ( ឥន្ទ្រិយ ) ជាបុគ្គលទៀង ( ចំពោះមគ្គផល ) អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវអាជា ក្នុងសត្វទាំងពួងចេញហើយ បុគ្គល នោះ ហៅថា ព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថាភិក្ខុ ក៏បាន ដូច្នេះ ។ ពាក្យទាំងពួង មានអត្ថងាយយល់ហើយ នោះឯង ។