អដ្ឋកថាឧបបត្តិកថា
ឥឡូវនេះ នឹងពណ៌នាអំពីការកើតឡើងដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិថា ព្រះអនាគាមីកើតក្នុង សុទ្ធវាសព្រហ្ម រមែងជាព្រះអរហន្ត ដំណាលគ្នានឹងការកើតឡើង ព្រោះ កាន់យកដោយមិនពិចារណានូវព្រះបាលីទាំងឡាយ មានពាក្យថា បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែក ខាងក្រោម ៥ ហើយបរិនិព្វានក្នុងសុទ្ធាវាសទេវលោកនោះ ដូច្នេះជាដើម ឬជនទាំងឡាយណា ដែលផ្លាស់ប្តូរបទថា ឧបហច្ចបរិនិព្វាយី មកជាឧបបជ្ជបរិនិព្វាយី ( គ្រាន់តែកើតឡើងហើយក៏បរិនិព្វាន ) សិក្សាព្រះពុទ្ធវចនៈ មានលទ្ធិថា ព្រះអនាគាមីជាព្រះអរហន្ត ព្រមគ្នានឹងការកើតឡើង ដូចលទ្ធិ របស់និកាយឧត្តរាបថកៈទាំងឡាយ ក្នុងខណៈនេះ ពាក្យសួររបស់សកវាទី សំដៅយកជនទាំងនោះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុង បញ្ញានោះ ឈ្មោះថា ចិត្តដែលកើតឡើង រមែងជាលោកិយចិត្ត ទាំងបុគ្គល ទាំងឡាយជាព្រះសោតាបន្នជាដើម ដោយលោកិយចិត្តនោះ ក៏មិនមានឡើយ នឹងពោលថ្វីដល់ភាពជាព្រះអរហន្តនោះ ព្រោះហេតុនោះ ដើម្បីសម្តែងន័យ នេះដល់បរវាទីនោះ ទើបសកវាទីផ្តើមពាក្យថា សហ ឧបបត្តិយា សោតាបន្នោ ដូច្នេះ ។ សកវាទីពោលពាក្យថា សារីបុត្តោ ជាដើម ដើម្បីចោទសួរ ថា បណ្តាព្រះមហាថេរៈទាំងនេះ សូម្បីមួយអង្គ ឈ្មោះថា ជាព្រះអរហន្ត ព្រមជាមួយការកើតមានឬ ។ បទថា ឧបបត្តេសិយេន បានដល់ បដិសន្ធិចិត្ត ។ ពិតហើយ បដិសន្ធិចិត្តនេះ រមែងស្វែងរកការកើត គឺបន្ត ព្រោះហេតុនោះ ទើបលោកហៅបដិសន្ធិចិត្តនេះថា ចិត្តស្វែងរកការកើតឡើង ។ ពាក្យ ដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ដូច្នេះ ។