អដ្ឋកថាអនាសវកថា

ក្បាលទី 71 · ទំព័រ 574

ឥឡូវនេះ នឹងពណ៌នាអំពីអនាសវៈ គឺធម៌មិនជាអារម្មណ៍ របស់អាសវៈដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយ ក្នុងខណៈនេះថា ធម៌ទាំងឡាយណា របស់ព្រះអរហន្ត ដែលមិនមានអាសវៈ ធម៌ទាំងអស់នោះ មិនជាអារម្មណ៍របស់ អាសវៈ ដូច្នេះ សកវាទីសំដៅដល់ជនទាំងនោះ ទើបសួរថា អរហតោ ជាដើម ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ដើម្បីសួរបរវាទីនោះថា ធម៌ទាំងឡាយ មានមគ្គជាដើម ឈ្មោះថា មិនជា អារម្មណ៍របស់អាសវៈ មាន ធម៌ទាំងនោះបុណ្ណោះ រមែងកើតដល់ព្រះអរហន្ត ឬ ទើបផ្តើមពាក្យថា មគ្គោ ផលំ ជាដើម ។ បរវាទីត្រូវសកវាទី សួរថា ចក្ខុំ អនាសវំ ក៏ឆ្លើយបដិសេធ ព្រោះចក្ខុនោះ ជាអារម្មណ៍ របស់អាសវៈ ។ ត្រូវសួរលើកទី ២ បរវាទីឆ្លើយទទួល ព្រោះគិតថា ចក្ខុ ជារបស់បុគ្គលដែលមិនមានអាសវៈ ។ ក្នុងបញ្ញាពោលអំពីការឲ្យចីវរ បរវាទីឆ្លើយបដិសេធ ព្រោះ ខ្លាចខុសចាកលក្ខណៈនៃបញ្ញានេះថា ធម៌ឯណានីមួយ មិនជារម្មណ៍របស់ អាសវៈផង ជាអារម្មណ៍របស់អារម្មណ៍នៃអាសវៈផង ។ ត្រូវសួរលើកទី ២ បរវាទីឆ្លើយទទួល ព្រោះគិតថា ចីវរជារបស់ព្រះអរហន្ត ដែលមិនមានអាសវៈ ហើយជារបស់បុថុជ្ជនដែលមានអាសវៈ ។ ក្នុងបញ្ញា ២ ថា តញ្ញេវ អនាសវំ ជាដើម ក៏ន័យនេះឯង តែសកវាទីចោទសួរ ព្រោះការទទួល របស់បរវាទីក្នុងពាក្យថា តញ្ញេវ ដោយពាក្យជាដើមថា មគ្គោ អនាសវោ ហុត្វា ជាដើម ។ គប្បីជ្រាបអត្ថទាំងពួង ដោយឧបាយនេះឯង ។