អភិធម្មបិដក និយាមោក្កន្តិកថា

ក្បាលទី 71 · ទំព័រ 601

ព្រះពោធិសត្វ មាននិយាមយាងចុះហើយ មានព្រហ្មចរិយៈ ប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបៈឬ ។ អើ ។ ព្រះពោធិសត្វ ជាសាវ័កនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបៈ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះពោធិសត្វ ជាសាវ័កនៃព្រះមានព្រះភាគ ទ្រង់ព្រះនាម កស្សបៈឬ ។ អើ ។ ( ព្រះពោធិសត្វ ) បានជាសាវ័កហើយ ទើបបានត្រាស់ ជាព្រះពុទ្ធឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( ព្រះពោធិសត្វ ) បានជាសាវ័កហើយ ទើបបានត្រាស់ជា ព្រះពុទ្ធឬ ។ អើ ។ ( បុគ្គលជាព្រះពុទ្ធ ) ប្រកបដោយការស្តាប់តាមគេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( បុគ្គលជាព្រះពុទ្ធ ) ប្រកបដោយការស្តាប់តាមគេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ជាអ្នកត្រាស់ដឹងដោយព្រះអង្គឯងឬ ។ អើ ។ បើព្រះមានព្រះភាគ ជាអ្នកត្រាស់ដឹងដោយព្រះអង្គឯង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ( បុគ្គលជាព្រះពុទ្ធ ) ប្រកបដោយការស្តាប់តាមគេទេ ។ ព្រះពោធិសត្វ មាននិយាមយាងចុះហើយ មានព្រហ្មចរិយៈ ប្រព្រឹត្តហើយ ក្នុងសាសនា នៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបដែរឬ ។ អើ ។ សាមញ្ញផល ៣ គឺព្រះមានព្រះភាគបានត្រាស់ដឹង ទៀបគល់នៃ ពោធិព្រឹក្សឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងសាមញ្ញផល ៤ គឺព្រះមានព្រះភាគបានត្រាស់ដឹង ទៀបគល់នៃពោធិព្រឹក្សឬ ។ អើ ។ បើសាមញ្ញផល ៤ គឺព្រះមានព្រះភាគ បានត្រាស់ដឹង ទៀបគល់នៃពោធិព្រឹក្សមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា ព្រះពោធិសត្វមាននិយាមយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្ត ហើយ ក្នុងសាសនា នៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបទេ ។