អដ្ឋកថានិយាមោក្កន្តិកថា

ក្បាលទី 71 · ទំព័រ 608

ឥឡូវនេះ នឹងពោលអំពីការឈមចុះកាន់និយាមដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយ ក្នុងខណៈនេះថា ព្រះពោធិសត្វបានឈមចុះកាន់និយាម មានព្រហ្មចរិយៈដែលប្រព្រឹត្តហើយ ក្នុងព្រះធម្មវិន័យរបស់ព្រះមានព្រះភាគ ព្រះនាមកស្សបៈ ព្រោះសំដៅយកបព្វជ្ជារបស់ជោតិបាលក្នុងឃដិការសូត្រ សកវាទីសំដៅដល់ជនទាំងនោះ ទើបសួរដោយពាក្យថា ពោធិសត្តោ ជាដើម ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ព្រោះតាំងនៅក្នុងលទ្ធិ ។ បន្ទាប់ អំពីនោះ ព្រោះពាក្យថា និយាមក្តី ព្រហ្មចរិយៈក្តី ជាឈ្មោះនៃអរិយមគ្គ ។ ម្យ៉ាងទៀត វៀរការបំពេញបារមីរបស់ព្រះពោធិសត្វចេញហើយ ឈ្មោះថា ការឈមចុះកាន់និយាមដទៃ រមែងមិនមាន ។ បើព្រះពោធិសត្វ គប្បីជា ព្រះសោតាបន្ន គប្បីជាអរិយសាវ័កសោត សេចក្តីនោះ ប្រព្រឹត្តទៅមិនបាន ។ ពិតហើយ ព្រះពុទ្ធទាំងឡាយ ទ្រង់តាំងនៅក្នុងកម្លាំង គឺព្រះញាណរបស់ ព្រះអង្គ រមែងទ្រង់ព្យាករព្រះពោធិសត្វនោះថា បុគ្គលនេះ នឹងបានត្រាស់ ជាព្រះពុទ្ធ ព្រោះហេតុេនោះ ទើបសកវាទីសួរដោយពាក្យថា ពោធិសត្តោ ជាដើមម្តងទៀត ។ ពាក្យឆ្លើយបដិសេធ ជាពាក្យរបស់បរវាទី ព្រោះសំដៅ យកបច្ឆិមភព គឺភពចុងក្រោយ ។ ក្នុងបញ្ញាទី ២ បរវាទីនោះឆ្លើយទទួល ព្រោះសំដៅយក វេលាដែលព្រះពោធិសត្វ កាលនៅជាជោតិបាល ។ ក្នុងបទទាំងឡាយ មានបទថា សាវកោ ហុត្វា ជាដើម ក៏ន័យនេះឯង ។ បទថា អនុស្សវិយោ សំដៅសេចក្តីថា បុគ្គលមានធម៌ ដែលចាក់ធ្លុះហើយ ដោយការស្តាប់តៗ គ្នាមក ។ បរវាទីឆ្លើយបដិសេធ ព្រោះសំដៅយកបច្ឆិមភព ហើយរមែងឆ្លើយទទួល ព្រោះសំដៅយកការស្តាប់ តៗ គ្នាមក ក្នុងកាលនៅជាជោតិបាល ។