អដ្ឋកថាវិមុត្តកថា

ក្បាលទី 71 · ទំព័រ 629

ឥឡូវនេះ នឹងពណ៌នាអំពីវិមុត្ត គឺការរួចផុតដូចតទៅក្នុង រឿងនោះ បទថា វិមុត្តិញ្ញាណំ ជាឈ្មោះនៃញាណទាំង ៤ គឺ វិបស្សនា ១ មគ្គ ១ ផល ១ និងបច្ចវេក្ខណញ្ញាណ ១ បណ្តាញាណទាំងនោះ វិបស្សនាញាណ ឈ្មោះថា វិមុត្តិញ្ញាណ ព្រោះរួចផុតហើយចាក និច្ចនិមិត្តជាដើម ឬព្រោះភាពជាតទង្គវិមុត្តិ មគ្គ ឈ្មោះថា សមុច្ឆេទវិមុត្ត ផល ឈ្មោះថា បដិបស្សទ្ធិវិមុត្ត បច្ចវេក្ខណញ្ញាណ រមែងដឹងនូវវិមុត្ត ព្រោះហេតុនោះ ទើបឈ្មោះថា វិមុត្តិញ្ញាណ ។ ក្នុងវិមុត្តិញ្ញាណ ៤ យ៉ាង នេះ ផលញ្ញាណបុណ្ណោះ រួចផុតហើយដោយឥតសេសសល់ វិមុត្តិញ្ញាណ ៣ ដ៏សេស ដែលបុគ្គលណាមួយមិនគប្បីពោលថា រួចផុតហើយ ឬថា មិនរួចផុតហើយ ព្រោះហេតុនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិ របស់និកាយអន្ធកៈទាំងឡាយថា វិមុត្តិញ្ញាណ រួចផុតហើយ ដោយមិនប្លែក គ្នាឡើយ ព្រោះមិនពោលថា វិមុត្តិញ្ញាណឈ្មោះនេះ រួចផុតហើយ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ ត្រូវសួរទៀតថា យំ កិញ្ចិ បរវាទី ព្រោះសំដៅ យកបច្ចវេក្ខណញ្ញាណជាដើម ទើបឆ្លើយបដិសេធ ។ បរវាទីត្រូវសួរថា បដិបន្នស្ស ជាដើម ក៏សំដៅយកការ មិនមានអាសវៈរបស់មគ្គញ្ញាណ ទើបឆ្លើយទទួល ។ សកវាទីពោលថា សោតាបន្នស្ស ដូច្នេះជាដើមទៀត ដើម្បីចោទសួរថា ព្រោះញាណនោះ មិនមែនញាណរបស់ព្រះសោតាបន្នដែលតាំងនៅក្នុងផល ព្រោះហេតុនោះ ញាណនោះ ឈ្មោះថា វិមុត្តិញ្ញាណឬ ដូច្នេះ ។ គប្បីជ្រាបអត្ថក្នុងទីទាំងពួង ដោយឧបាយនេះ ដូច្នេះ ។