អដ្ឋកថាវិបរីតកថា
ឥឡូវនេះ នឹងពណ៌នាអំពីញាណវិបរិតដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយថា បុគ្គលណា មានសញ្ញាក្នុងបឋវី រមែងចូលសមាបត្តិ មានបឋវីជាអារម្មណ៍ ញាណនោះរបស់បុគ្គលនោះ ជាញាណវិបរិត ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី គប្បីជ្រាបពាក្យអធិប្បាយរបស់បញ្ញានោះដូចតទៅនេះថា និមិត្តដែលអាស្រ័យបឋវីកើតឡើង មិនមែនបឋវីឡើយ តែបុគ្គលមានការ សម្គាល់ក្នុងបឋវីកសិណ រមែងចូលឈាន មានបឋវីជាអារម្មណ៍ ព្រោះ ហេតុនោះ ញាណនោះ ឈ្មោះថា ជាញាណវិបរិត គឺខុសចាកសេចក្តីពិត ដូច្នេះ ។ លំដាប់នោះ សកវាទីដើម្បីចោទសួរថា លក្ខណបឋវីក្តី សសម្ភារបឋវីក្តី និមិត្តបឋវីក្តី បឋវីទេវតាក្តី បឋវីទាំងអស់នោះឯង ក្នុងបឋវីទាំងនោះ ញាណថា បឋវី មិនមែនជាញាណវិបរិត ។ ចំណែកការយល់ខុសប្រក្រតី ក្នុងធម៌ដែលមិនទៀង ថាទៀងជាដើម ឈ្មោះថា ញាណវិបរិត ។ ញាណ ដែលមានបឋវីកសិណជាអារម្មណ៍នេះ ជាញាណណាមួយ ក្នុងញាណដែល វិបរិត ក្នុងធម៌ដែលមិនទៀង ថាទៀងជាដើមទាំងឡាយ មានប្រមាណ ប៉ុណ្ណេះ តាមលទ្ធិរបស់អ្នកឬ ទើបពោលពាក្យថា អនិច្ចេ និច្ចំ ជាដើម ។ បរវាទីសំដៅយកការមិនមានលក្ខណៈដែលវិបល្លាស ទើបឆ្លើយបដិសេធ ។ សំដៅយកបឋវីនិមិត្ត ទើបឆ្លើយទទួល ។ បទថា កុសលំ លោកពោលសំដៅយកញាណរបស់ព្រះ សេក្ខៈ និងបុថុជ្ជនទាំងឡាយ ។ ក្នុងបញ្ញាថា អត្ថិ អរហតោ បរវាទីឆ្លើយបដិសេធ ព្រោះ ការមិនមានលក្ខណៈដែលវិបល្លាសឡើយ ។ រមែងឆ្លើយទទួល សំដៅយក បឋវីនិមិត្ត ។