អដ្ឋកថាសម្មតិញ្ញាណកថា
ឥឡូវនេះ នឹងពណ៌នាអំពីសម្មតិញ្ញាណដូចតទៅក្នុង រឿងនោះ សច្ចៈមាន ២ គឺសម្មតិសច្ច និងបរមត្ថសច្ច ។ បុគ្គល ទាំងឡាយ ដូចនិកាយអន្ធកៈទាំងឡាយ មិនធ្វើការចែកសច្ចៈយ៉ាងនេះ រមែងពោលនូវសម្មតិញ្ញាណថា មានសច្ចៈជាអារម្មណ៍ប៉ុណ្ណោះ ដោយពាក្យ ទួទៅថា សច្ចៈ ទើបសកវាទីផ្តើមពាក្យនេះ ដើម្បីជម្រះនូវវាទៈរបស់ជនទាំងនោះ ថា ពួកបុគ្គលទាំងនោះ មានវាទៈមិនត្រឹមត្រូវ ។ ក្នុងពាក្យទាំងនោះ ពាក្យសួរថា ន វត្តព្វំ ជាពាក្យរបស់បរវាទី ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់សកវាទី សំដៅយកបរមត្ថសច្ច ។ បទថា សម្មតិសច្ចម្ហិ បានដល់ សច្ចៈដែលចូលទៅអាស្រ័យសម្មតិ ។ ម្យ៉ាងទៀត បទថា សម្មតិសច្ចម្ហិ ជាសត្តមីវិភត្តិ ប្រើក្នុងអត្ថនៃបឋមាវិភត្តិ អធិប្បាយថា សម្មតិសច្ច ។ ពាក្យសួរថា សម្មតិញ្ញាណំ សច្ចារម្មណញ្ញេវ ជាពាក្យ របស់សកវាទី ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីដើម្បីសួរថា បើញាណក្នុងសម្មតិនោះ មានសច្ចៈជាអារម្មណ៍ ប៉ុណ្ណោះដោយមិនប្លែកគ្នា ព្រោះហេតុនោះ បុគ្គលក៏គប្បីធ្វើកិច្ចទាំងឡាយ មានការកំណត់ដឹងទុក្ខជាដើម ដោយញាណនោះបាន ទើបពោលពាក្យនឹង បរវាទីនោះថា តេន ញាណេន ជាដើម ។