អដ្ឋកថាអាកាសកថា
ក្បាលទី 71 · ទំព័រ 698
ឥឡូវនេះ នឹងពណ៌នាអំពីអាកាសដូចតទៅក្នុង រឿងនោះ អាកាស មាន ៣ យ៉ាង គឺបរិច្ឆេទាកាស ១ កសិណុគ្ឃាដិមាកាស ១ អជដាកាស ១ ។ សូម្បីបទថា តុច្ឆាកាស ក៏ជា ឈ្មោះរបស់អជដាកាសនោះឯង ។ បណ្តាអាកាសទាំងនោះ បរិច្ឆេទាកាស ជាសង្ខតៈ ឯអាកាសដ៏សេស ២ ទៀតនេះ ត្រឹមតែជាបញ្ញត្តិ ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយឧត្តរាបថកៈ និង និកាយមហិសាសកៈទាំងឡាយថា អាកាសទាំង ២ គឺកសិណុគ្ឃាដិមាកាស និងអជដាកាស មិនមែនសង្ខតៈ ព្រោះហេតុនោះ ទើបជាអសង្ខតៈ ដូច្នេះ ពាក្យសួររបស់សកវាទីថា អាកាសោ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថ ងាយយល់ហើយ ។