អដ្ឋកថាទានកថា

ក្បាលទី 72 · ទំព័រ 19

ឥឡូវនេះ នឹងពណ៌នាអំពីទានដូចតទៅក្នុង រឿងនោះ ឈ្មោះថា ទាន មាន ៣ យ៉ាង គឺចាគចេតនា វិរតិ ទេយ្យធម៌ ។ ចាគចេតនា ឈ្មោះថា ទាន មានទីមកក្នុងពាក្យថា សទ្ធាទាន ហិរិទាន កុសលទាន ដូច្នេះ ។ ទាន ឈ្មោះថា វិរតិ មានទីមកក្នុងពាក្យថា អរិយសាវ័ក ជាអ្នកវៀរចាកបាណាតិបាត ឈ្មោះថា ឲ្យនូវអភ័យ … ដល់ សត្វទាំងឡាយ មានប្រមាណមិនបាន ដូច្នេះ ។ ទេយ្យធម៌ ឈ្មោះថា ទាន មានទីមកក្នុងពាក្យថា បុគ្គលរមែងឲ្យទាន គឺបាយ ទឹកជាដើម ។ គប្បីជ្រាប វិនិច្ឆ័យក្នុងទានទាំងនេះដូចតទៅនេះ ចាគចេតនា ឈ្មោះថា ទាន ព្រោះអត្ថថា រមែងឲ្យវត្ថុដែលគួរឲ្យ ជាហេតុឲ្យវត្ថុដែលគប្បីឲ្យ ។ វិរតិ ឈ្មោះថា ទាន ដោយអត្ថថា ជាការកាត់ ឬដោយអត្ថថា ជាការទម្លាយ ។ ពិតហើយ វិរតិនោះ កាលកើតឡើង រមែងកាត់ ឬទម្លាយចេតនាដែលជាហេតុទ្រុស្តសីល ពោល គឺភ័យ និងសភាពគួរខ្លាចជាដើម ព្រោះហេតុនោះ ទើបឈ្មោះថា ទាន ។ ទេយ្យធម៌ឯណា ដែលគេរមែងឲ្យ ព្រោះហេតុនោះ ទើបទេយ្យធម៌ នោះ ឈ្មោះថា ទាន ។ ទានទាំង ៣ យ៉ាង មានប្រការដូចពោលមកនេះ កាលពោលដោយអត្ថ ក៏មានត្រឹម ២ យ៉ាង គឺចេតសិកធម៌ និងទេយ្យធម៌ ។ ក្នុងបញ្ញានោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយរាជគិរិកៈ និងនិកាយសិទ្ធត្ថិកៈទាំងឡាយថា ចេតសិកធម៌បុណ្ណោះ ជាទាន ទេយ្យធម៌ មិនមែនទាន ដូច្នេះ ពាក្យសួររបស់សកវាទីថា ចេតសិកោ ជាដើម សំដៅ ដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ពាក្យសួររបស់សកវាទីថា លព្ភា ដើម្បីចោទសួរបរវាទីនោះដោយអំណាច នៃទេយ្យធម៌ ។ ពាក្យឆ្លើយបដិសេធ ជាពាក្យរបស់បរវាទី ព្រោះបុគ្គល នោះ មិនអាចឲ្យចេតសិកធម៌ ដូចការឲ្យបាយទឹកជាដើមបានឡើយ ។