អភិធម្មបិដក បរិភោគមយបុញ្ញកថា

ក្បាលទី 72 · ទំព័រ 22

បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ ។ អើ ។ ផស្សៈ សម្រេចដោយការបរិភោគ តែងចម្រើន វេទនាតែងចម្រើន សញ្ញា តែងចម្រើន ចេតនាតែងចម្រើន ចិត្តតែងចម្រើន សទ្ធាតែងចម្រើន វីរិយៈ តែងចម្រើន សតិតែងចម្រើន សមាធិតែងចម្រើន បញ្ញាតែងចម្រើនឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ ។ អើ ។ បុណ្យតែងចម្រើន ដូចជាវល្លិ ( ឡើងដើមឈើ ) ចម្រើនដូចជាពួរជ្រៃ ចម្រើនដូចជាដើមឈើ ចម្រើនដូចជាស្មៅ ចម្រើនដូចជាបាច់នៃស្មៅយាប្លង ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ ។ អើ ។ ទាយកឲ្យទាន មិនពិចារណាទេ បុណ្យមានដែរឬ ។ អើ ។ បុណ្យរបស់ បុគ្គលកាលមិននឹកនា មិនអើពើ មិនពិចារណា មិនធ្វើទុកក្នុងចិត្ត មិនគិត មិនប្រាថ្នា មិនតម្កល់ចិត្តមាំ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងបុណ្យរបស់បុគ្គល កាលនឹកនា អើពើ ពិចារណា ធ្វើទុកក្នុងចិត្ត គិត ប្រាថ្នា តម្កល់ចិត្តមាំ មានឬ ។ អើ ។ បើបុណ្យរបស់បុគ្គល កាលនឹកនា អើពើ ពិចារណា ធ្វើទុកក្នុងចិត្ត គិត ប្រាថ្នា តម្កល់ចិត្តមាំ មាន ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា បុណ្យ សម្រេចដោយការបរិភោគ តែង ចម្រើនទេ ។ បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ ។ អើ ។ ទាយកឲ្យទាន ហើយត្រិះរិះនូវកាមវិតក្កៈ ត្រិះរិះនូវព្យាបាទវិតក្កៈ ត្រិះរិះនូវ វិហឹសាវិតក្កៈ បុណ្យមានដែរឬ ។ អើ ។ ការប្រជុំចុះនៃផស្សៈទាំង ២ ។ បេ ។ នៃចិត្តទាំង ២ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។