អដ្ឋកថាឥតោទិន្ថកថា
ឥឡូវនេះ នឹងពណ៌នាអំពីទានដែលបុគ្គលឲ្យហើយ អំពី លោកនេះដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ រាជគិរិកៈ និងនិកាយសិទ្ធត្ថិកៈទាំងឡាយថា វត្ថុឯណា មានចីវរទានជាដើម ដែលបុគ្គលឲ្យហើយអំពីលោកនេះ ប្រេតទាំងឡាយ រមែងញ៉ាំងអត្តភាពឲ្យ ប្រព្រឹត្តទៅ បានដោយវត្ថុនោះឯង ដូច្នេះ ព្រោះអាស្រ័យព្រះបាលីថា បុគ្គលទាំងឡាយ ធ្វើកាលកិរិយាទៅកើតជាប្រេត រមែងញ៉ាំងអត្តភាពឲ្យ ប្រព្រឹត្តទៅ ក្នុងប្រេតវិស័យនោះ ដោយសារតែផលទាន ដែលញាតិឲ្យ ហើយអំពីលោកនេះ ដូច្នេះ ពាក្យសួររបស់សកវាទីថា ឥតោ ទិន្នេន ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បរវាទី ត្រូវសកវាទីសួរបញ្ញា ដោយការឲ្យចីវរជាដើមទៀត ក៏ឆ្លើយ បដិសេធ ។ បទថា អញ្ញោ អញ្ញស្ស ការកោ លោកអធិប្បាយថា បុគ្គលដទៃជាអ្នកធ្វើកម្មទាំងឡាយ ដើម្បីឲ្យវិបាកកើតឡើង ដល់បុគ្គលដទៃ មិនមែនខ្លួនឯងធ្វើកម្មឲ្យដល់ខ្លួនឡើយ ។ បរវាទីនោះ ត្រូវសួរបញ្ញាយ៉ាង នេះ ក៏ឆ្លើយបដិសេធ ព្រោះខ្លាចខុសអំពីព្រះសូត្រ ។ បទថា ទានំ ទេន្តំ អធិប្បាយថា ឃើញហើយ នូវបុគ្គល ដែលឲ្យនូវទាន ។ ក្នុងបទទាំងនោះ បណ្ឌិតគប្បីជ្រាបអត្ថថា ព្រោះហេតុ ដែលភោគៈទាំងឡាយ រមែងកើតឡើងដល់ប្រេតទាំងឡាយនោះ ក្នុងទីនោះ ព្រោះការអនុមោទនារបស់ខ្លួន ព្រោះហេតុនោះ លទ្ធិរបស់បរវាទីនោះ សូម្បីតាំងនៅដោយហេតុនេះ ក៏រាប់ថា មិនជាការតាំងនៅបាន ព្រោះថា ប្រេតទាំងឡាយនោះ រមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាន ដោយវត្ថុដែល បុគ្គលឲ្យហើយ អំពីលោកនេះ ក៏មិនមែន ។