អដ្ឋកថាវិបាកវិបាកធម្មធម្មោតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីវិបាកជាវិបាកធម្មធម្មៈដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា ព្រោះវិបាកជាបច្ច័យដល់វិបាក ដោយអំណាចនៃបច្ច័យ មាន អញ្ញមញ្ញប្បច្ច័យជាដើម ព្រោះហេតុនោះ សូម្បីវិបាក ក៏ជាវិបាកធម្មធម្មៈ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា តស្ស វិបកោ សេចក្តីថា សកវាទី រមែង សួរថា វិបាកណា មានដល់វិបាកដែលជាវិបាកធម្មធម្មៈនោះ វិបាកនោះ តាមលទ្ធិរបស់អ្នកក៏ជាវិបាកធម្មធម្មៈឬ បរវាទីឆ្លើយបដិសេធ សំដៅយក ភាវៈនៃការឲ្យផលតទៅ ។ ត្រូវសួរលើកទី ២ រមែងឆ្លើយបដិសេធ ព្រោះ ខ្លាចខុសអំពីលទ្ធិ ។ រមែងឆ្លើយទទួល សំដៅយកការកើតឡើងនៃវិបាកដទៃ ព្រោះវិបាកនោះជាបច្ច័យ ។ កាលបើភាពយ៉ាងនោះមាន វិបាកនៃវិបាកនោះ ក៏មានវិបាកនៃវិបាកនោះតទៅ ដូចវិបាកនៃកុសល និងអកុសល ព្រោះហេតុ នោះ ទើបមិនមានការចូលទៅកាត់ផ្តាច់វដ្តៈឬ បរវាទីត្រូវសួរបញ្ញានេះ ក៏ ឆ្លើយបដិសេធ ព្រោះខ្លាចខុសអំពីលទ្ធិ ។ ក្នុងការអះអាងបទថា វិបកោតិ វា ជាដើម បរវាទីឆ្លើយ បដិសេធ ព្រោះការគិតថា បើគប្បីមានភាពដែលវិបាកជាអត្ថតែមួយ ជាមួយគ្នា នឹងធម៌ដែលជាហេតុនៃវិបាកសោត កុសល អកុសល និងអព្យាកត ក៏ គប្បីមានអត្ថដូចគ្នា ។ ក្នុងបទថា វិបកោ ច វិបកធម្មធម្មោ ច នេះ មាន អធិប្បាយថា កាលបរវាទីកំណត់នូវភាពជាវិបាកធម្មធម្មៈនីមួយៗ ក្នុងវិបាកក្ខន្ធ ទាំង ៤ ដោយអត្ថថា ជាបច្ច័យក្នុងបច្ច័យទាំងឡាយ មានអញ្ញមញ្ញប្បច្ច័យ ជាដើម និងកំណត់នូវវិបាក ដោយអត្ថថា កើតឡើងអំពីបច្ច័យ ត្រូវសកវាទី សួរថា វិបាកជាធម៌មានវិបាកជាប្រក្រតីឬ ទើបឆ្លើយទទួលថា អើ ។