អដ្ឋមវគ្គ អភិធម្មបិដក ឆគតិកថា
គតិ មាន ៦ ឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ ត្រាស់ថា គតិ មាន ៥ គឺនរក ១ កំណើតសត្វតិរច្ឆាន ១ បិត្តិវិស័យ ១ មនុស្ស ១ ទេវតា ១ ឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ ថា គតិមាន ៥ គឺនរក ១ កំណើតសត្វតិរច្ឆាន ១ បិត្តិវិស័យ ១ មនុស្ស ១ ទេវតា ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិមាន ៦ ទេ ។ គតិមាន ៦ ឬ ។ អើ ។ ក្រែងពួកកាលកញ្ជិកាសុរមាន វណ្ណៈស្មើគ្នា មានភោគៈ គឺមេថុនស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នា និងពួកប្រេត ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកប្រេតដែរឬ ។ អើ ។ ប្រសិនបើ ពួកកាលកញ្ជិកាសុរ មានវណ្ណៈស្មើគ្នា មានភោគៈ គឺមេថុន ស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នា និងពួកប្រេត ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកប្រេត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ ។ គតិ មាន ៦ ឬ ។ អើ ។ ក្រែងពួកបរិស័ទរបស់ព្រះបាទ វេបចិត្តិ មានវណ្ណៈស្មើគ្នា មានភោគៈ គឺបញ្ចកាមគុណស្មើគ្នា មានអាហារ ស្មើគ្នា មានអាយុស្មើគ្នានឹងពួកទេវតា ទៅកាន់អាវាហៈ និងវិវាហៈ ជាមួយនឹង ពួកទេវតាដែរឬ ។ អើ ។ ប្រសិនបើ ពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ មានវណ្ណៈស្មើគ្នា មានភោគៈ គឺបញ្ចកាមគុណស្មើគ្នា មានអាហារស្មើគ្នា មាន អាយុស្មើគ្នានឹងពួកទេវតា ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកទេវតា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ ។ គតិ មាន ៦ ឬ ។ អើ ។ ក្រែងពួកបរិស័ទរបស់ព្រះបាទ វេបចិត្តិជាទេវតាដើមឬ ។ អើ ។ ប្រសិនបើ ពួកបរិស័ទរបស់ព្រះបាទ វេបចិត្តិ ជាទេវតាដើម ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ ។