អដ្ឋកថាឆគតិកថា

ក្បាលទី 72 · ទំព័រ 65

ឥឡូវនេះ នឹងពណ៌នាអំពីគតិ ៦ ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ និងនិកាយឧត្តរាបថកៈទាំងឡាយថា គតិមាន ៦ រួមទាំងអសុរកាយ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីដើម្បីចោទសួរដោយអំណាចនៃ គតិទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់កំណត់ក្នុងរឿងលោមហំសនសូត្រថា ម្នាលសារីបុត្ត គតិនេះមាន ៥ ប្រការ ដូច្នេះ ទើបពោលថា ននុ បញ្ច គតិយោ ជាដើម ។ បរវាទីឆ្លើយទទួល ព្រោះខ្លាចខុសចំពោះព្រះសូត្រ ។ សួរថា ព្រោះហេតុអ្វី ទើបសកវាទីមិនទទួលគតិ ៦ សូម្បីអសុរកាយ លោក ក៏សង្គ្រោះចូលក្នុងអបាយភូមិ ដូចពាក្យនេះថា ព្រះអរិយៈផុតហើយចាក អបាយទាំង ៤ ដូច្នេះ មិនមែនឬ ឆ្លើយថា លោកសង្គ្រោះអសុរកាយ ក្នុង សេចក្តីនោះក៏ពិត តែមិនចាត់ជាគតិ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះមិនមានគតិចំណែកមួយដោយឡែក ។ ពិតហើយ ពួកអសុរ ឈ្មោះ ថា កាលកញ្ជិកា ក្នុងពួកអសុរកាយ លោកសង្គ្រោះចូលក្នុងគតិនៃប្រេត ។ បរិស័ទរបស់ព្រះបាទវេបចិត្តិ ( ស្តេចអសុរ ) លោកសង្គ្រោះចូលក្នុង ទេវគតិ ។ ពាក្យថា អសុរកាយ នេះ ឈ្មោះថា ជាគតិមួយដោយឡែក រមែងមិនមាន ។ ឥឡូវនេះ សកវាទីផ្តើមពាក្យថា ននុ កាលកញ្ជិកា ជាដើម ដើម្បីសម្តែងអត្ថតែមួយនោះឯង ។ ក្នុងបទទាំងនោះ បទថា សមានវណ្ណា បានដល់ មានរូបសណ្ឋានដូចគ្នា ។ បទថា ពីភច្ឆា បានដល់ មានរូបពិការមិនគួរមើល ។ បទថា សមានភោគា បានដល់ មានការ ប្រព្រឹត្តក្នុងមេថុនធម្មដូចគ្នា ។