អភិធម្មបិដក អរូបរូបកថា
រូបក្នុងពួកអរូប មានដែរឬ ។ អើ ។ ភពនៃរូប គតិនៃរូប សត្តាវាសនៃរូប សំសារនៃរូប កំណើតនៃរូប និងការបានចំពោះនូវអត្តភាព នៃរូប ( មាន ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងភពនៃអរូប គតិនៃអរូប សត្តាវាសនៃអរូប សំសារនៃអរូប កំណើតនៃអរូប និងការចំពោះ នូវអត្តភាពនៃអរូប ( មាន ) ឬ ។ អើ ។ ប្រសិនបើ ភពនៃអរូប ។ បេ ។ និង ការបានចំពោះអត្តភាពនៃអរូប ( មាន ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា រូបក្នុងពួកអរូប មានទេ ។ រូបក្នុងពួកអរូប មានឬ ។ អើ ។ បញ្ចវោការភព គតិ សត្តាវាស សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងចតុវោការភព ។ បេ ។ និងការបានចំពោះនូវអត្តភាព ( មាន ) ឬ ។ អើ ។ ប្រសិនបើ ចតុវោការភព គតិ ។ បេ ។ និងការបានចំពោះនូវអត្តភាព ( មាន ) ម្នាល អ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបក្នុងអរូប មានទេ ។ រូបក្នុងរូបធាតុ មាន ចុះរូបភពនោះ គតិនៃរូប សត្តាវាស នៃរូប សំសារនៃរូប កំណើតនៃរូប និងការបានចំពោះនូវអត្តភាពនៃរូប រូបក្នុងពួកអរូប មាន ចុះរូបភពនោះ គតិនៃរូប ។ បេ ។ និងការបានចំពោះនូវអត្តភាពនៃរូប ( មាន ) ឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ រូបក្នុងរូបធាតុ មាន ចុះបញ្ចវោការភពនោះ គតិ ។ បេ ។ និង ការបានចំពោះនូវអត្តភាព ( មាន ) ឬ ។ អើ ។ រូបក្នុងពួកអរូប មាន ចុះបញ្ចវោការភពនោះ គតិ ។ បេ ។ និងការបានចំពោះនូវអត្តភាព ( មាន ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។