អដ្ឋកថាជីវិតិ្រន្ទិយកថា
ឥឡូវនេះ នឹងពណ៌នាអំពីជីវិត្រិន្ទិយដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈ និងនិកាយសមិតិយៈទាំងឡាយថា ឈ្មោះថា ជីវិត្រិន្ទិយ ជាធម៌ មិនមានរូប មិនប្រកបជាមួយចិត្ត ព្រោះហេតុនោះ ទើបរូបជីវិត្រិន្ទិយ មិនមាន ដូច្នេះ ពាក្យសួររបស់សកវាទីសំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបញ្ញាថា នត្ថិ រូបីនំ ធម្មានំ អាយុ អធិប្បាយថា បរវាទីនោះ រមែងកាន់យកថា អាយុ ការតាំងនៅ ការរស់នៅ ការញ៉ាំងអត្តភាពឲ្យ ប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សា គឺប្រព្រឹត្តទៅដោយ អំណាចនៃការបន្តនៃឧបាទិន្នរូបខ្លះ នៃអនុបាទិន្នរូប មានស្មៅ និងដើមឈើ ជាដើមខ្លះ ព្រោះហេតុនោះ ទើបឆ្លើយបដិសេធ ។ ក្នុងបញ្ញាថា អត្ថិ ក៏ ឆ្លើយទទួលដោយហេតុនេះ ។ ក្នុងបញ្ញាថា អត្ថិ អរូបជីវិត្រិន្ទិយំ បរវាទីកាន់យកថា ឈ្មោះថា ការបន្តនៃជីវិត្រិន្ទិយ ដែលមិនប្រកបជាមួយចិត្តនៃអរូបធម៌ទាំងឡាយ មាន ព្រោះហេតុនោះ ទើបឆ្លើយទទួល ។ ក្នុងបញ្ញាថា រូបីនំ ធម្មានំ អាយុ អរូបជីវិត្រិន្ទិយំ អធិប្បាយថា ជីវិត្រិន្ទិយដែលជារូបធម៌ក្តី ដែលជាអរូបធម៌ក្តី មានក្នុង សន្តាននៃសត្វ បរវាទីរមែងកាន់យកចំពោះអរូបជីវិត្រិន្ទិយ ដែលមិនប្រកប ជាមួយចិត្ត នៃសត្វទាំងពួង ព្រោះហេតុនោះ ទើបឆ្លើយទទួល ។ [ ៨៤៩-៨៥០ ] ក្នុងបញ្ញា ពោលដោយបុគ្គលចូលនិរោធសមាបត្តិ បរវាទីសំដៅយកអរូបជីវិត្រិន្ទិយ ដែលមិនប្រកបជាមួយចិត្តនោះឯង ទើប ឆ្លើយបដិសេធខ្លះ ឆ្លើយទទួលខ្លះ ។