អដ្ឋកថាកម្មហេតុកថា

ក្បាលទី 72 · ទំព័រ 135

ឥឡូវនេះ នឹងពណ៌នាអំពីហេតុនៃកម្មដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈ និងនិកាយសមិតិយៈទាំងឡាយថា ព្រះអរហន្តអង្គណាធ្លាប់ ពោលបង្កាច់ព្រះអរហន្ត ក្នុងភពមុន ព្រះអរហន្តអង្គនោះ រមែងសាបសូន្យ ចាកភាពជាព្រះអរហន្ត ព្រោះកម្មនោះជាហេតុ ដូច្នេះ ពាក្យសួររបស់ សកវាទីថា កម្មហេតុ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ ពាក្យដ៏សេស មានន័យដូចពាក្យដែលពោលក្នុង បរិហានិកថានោះឯង ។ បទថា ហន្ទ ហិ អរហន្តានំ អព្ភាចិក្ខតិ សេចក្តីថា ភាពជា ព្រះអរហន្ត រមែងសាបសូន្យព្រោះហេតុនៃកម្មណា បរវាទីពោលពាក្យ នេះ ដើម្បីឲ្យសកវាទីព្រមទទួលនូវកម្មនោះ ។ ពេលនោះ សកវាទី ញ៉ាំង បរវាទីនោះ ឲ្យទទួលនូវចំណែកនោះហើយ ទើបពោលថា យេ កេចិ ជាដើម ដើម្បីចោទសួរថា បើជនទាំងឡាយណា គប្បីជាបុគ្គលពោលបង្កាច់ព្រះអរហន្ត យ៉ាងនេះសោត ជនទាំងឡាយនោះ គប្បីសម្រេចជាព្រះអរហន្តបាន ឬ ។ បរវាទី កាលមិនឃើញនិយាម ក្នុងការសម្រេចភាពជាព្រះអរហន្ត ដោយកម្មនោះ ទើបឆ្លើយបដិសេធ ។