អដ្ឋកថាអមតារម្មណកថា

ក្បាលទី 72 · ទំព័រ 146

ឥឡូវនេះ នឹងពណ៌នាអំពីសំយោជនៈ មានអមតៈជា អារម្មណ៍ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា សំយោជនៈ មានអមតៈជាអារម្មណ៍បាន ព្រោះ កាន់យកដោយមិនពិចារណានូវអត្ថនៃបទទាំងឡាយថា បុថុជ្ជន សម្គាល់ព្រះ និព្វានជាដើម ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទី ពោលនឹងបរវាទី ថា អមតំ សំយោជនិយំ ជាដើម ដើម្បីចោទសួរបរវាទីនោះថា ប្រសិនបើ សំយោជនៈ មានអមតៈជាអារម្មណ៍បានសោត អមតៈ ក៏ត្រូវប្រាកដថា ជា អារម្មណ៍របស់សំយោជនៈជាដើមបាន ។ បរវាទី ឆ្លើយបដិសេធពាក្យទាំងពួង ព្រោះខ្លាចខុសអំពីព្រះសូត្រ ។ បណ្ឌិតគប្បីជ្រាបអត្ថក្នុងវារៈទាំងពួង ដោយឧបាយនេះ ។ ព្រះសូត្រដែលបរវាទីលើកមកថា និព្វានំ និព្វានតោ នេះ បរវាទីពោលសំដៅយកនិព្វានក្នុងទិដ្ឋធម៌ ព្រោះហេតុនោះ ទើបព្រះសូត្រ នេះ មិនសម្រេចប្រយោជន៍ ដូច្នេះឯង ។