អដ្ឋកថារូបសារម្មណន្តិកថា
ឥឡូវនេះ នឹងពណ៌នាអំពីរូបជាធម៌មានអារម្មណ៍ដូចតទៅក្នុង រឿងនោះ ពោលដោយអំណាចអារម្មណប្បច្ច័យថា រូប ឈ្មោះថា ជាធម៌មានអារម្មណ៍ ដោយអត្ថថា មានបច្ច័យ តែរូបនោះ ធ្វើធម៌ដទៃឲ្យជា អារម្មណ៍មិនបាន ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយថា រូប ជាធម៌មានអារម្មណ៍បាន ដោយមិនប្លែកគ្នា ដូច្នេះ ។ ពាក្យសួររបស់សកវាទី ដើម្បីសម្តែងវិភាគារម្មណ៍ ២ យ៉ាង ( គឺ ឱលុព្ភារម្មណំ បានដល់ អារម្មណ៍ដែលជាគ្រឿងតោង និង បច្ចយារម្មណំ បានដល់ អារម្មណ៍ដែលជាបច្ច័យ ) សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ បណ្ឌិតគប្បីជ្រាប ដោយទំនងនៃព្រះបាលីនោះឯង ។ ក្នុងបញ្ញាថា ន វត្តព្វំ ជាដើម ពាក្យឆ្លើយទទួល ជាពាក្យ របស់សកវាទី សំដៅយកឱលុព្ភារម្មណ៍ ។ ក្នុងបញ្ញាទី ២ សកវាទីនោះ ឆ្លើយទទួល សំដៅយកអារម្មណ៍ដែលជាបច្ច័យ ។ ព្រោះហេតុនោះ ក្នុងទីនេះ ភាពដែលរូបនោះ ជាធម្មជាតមានអារម្មណ៍សម្រេចហើយ ដោយអត្ថថា មានបច្ច័យបុណ្ណោះ ដោយប្រការដូច្នេះ ។