អដ្ឋកថាអនុសយអនារម្មណាតិកថា

ក្បាលទី 72 · ទំព័រ 154

ឥឡូវនេះ នឹងពណ៌នាអំពីអនុស័យ ជាធម៌មិនមាន អារម្មណ៍ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈ និកាយឯកច្ចៈ និងនិកាយឧត្តរាបថកៈទាំងឡាយថា ឈ្មោះថា អនុស័យទាំងឡាយ មិនប្រកបជាមួយចិត្តជាអហេតុកៈ ជាអព្យាកត និង ដោយហេតុនោះឯង គឺដោយហេតុដែលមិនប្រកបជាមួយចិត្តជាដើម ទើប ជាធម៌មិនមានអារម្មណ៍ ដូច្នេះ ពាក្យសួររបស់សកវាទីថា អនុសយា ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួលជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលថា រូបំ ជាដើម ដើម្បីចោទសួរបរវាទីនោះ ថា ឈ្មោះថា អនុស័យ ដែលមិនមានអារម្មណ៍ គប្បីជាយ៉ាងនេះឬ ។ បទថា កាមរាគោ ជាដើម លោកសម្តែង ព្រោះមិនមែន យ៉ាងដទៃអំពីកាមរាគានុស័យ ។ ក្នុងបញ្ញាថា សង្ខារក្ខន្ធោ អនារម្មណោ បរវាទីពោល សំដៅយកសង្ខារក្ខន្ធ ដែលសម្បយុត្តដោយចិត្ត ទើបឆ្លើយបដិសេធ សំដៅ យកអនុស័យ ជីវិត្រិន្ទិយ និងរូបមានកាយកម្មជាដើមថា ជាធម៌ដែលទាក់ទង ដោយសង្ខារក្ខន្ធ ទើបឆ្លើយទទួល ។ បណ្ឌិតគប្បីជ្រាបអត្ថ ក្នុងវារៈ ទាំងពួង ដោយឧបាយនេះឯង ។ ម្យ៉ាងទៀត ក្នុងបញ្ញាថា សានុសយោ លោកឆ្លើយទទួល ភាពដែលបុគ្គលមានអនុស័យ ព្រោះមិនទាន់លះអនុស័យបាន មិនមែន ព្រោះសភាពប្រព្រឹត្តទៅនៃអនុស័យទាំងឡាយ ។ ពិតហើយ អនុស័យណា ដែលបុគ្គលមិនទាន់លះបាន អនុស័យនោះ មិនរាប់ថា ជាអតីត អនាគត និងបច្ចុប្បន្នឡើយ តែអនុស័យនោះ ឈ្មោះថា ជាកិលេស ដែលគប្បីលះ ដោយមគ្គ លោកពោលថា ជារបស់មាន ដូច្នេះ ព្រោះមិនទាន់លះបាននោះ ឯង ។