អភិធម្មបិដក អតីតារម្មណកថា
ក្បាលទី 72 · ទំព័រ 159
ចិត្ត ជាអតីតារម្មណ៍ ( មានអារម្មណ៍ជាអតីត ) មិនមាន អារម្មណ៍ទេឬ ។ អើ ។ ក្រែងមានអារម្មណ៍ជាអតីតឬ ។ អើ ។ ប្រសិនបើ ចិត្តមានអារម្មណ៍ជាអតីត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជា អតីតារម្មណ៍ មិនមានអារម្មណ៍ទេ ( ព្រោះពាក្យថា ) ចិត្ត មានអតីតារម្មណ៍ មិនមានអារម្មណ៍ ដូច្នេះ ជាពាក្យខុសទេ មួយទៀត ប្រសិនបើ ចិត្តមិនមាន អារម្មណ៍ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្ត មានអារម្មណ៍ជា អតីតទេ ( ព្រោះពាក្យថា ) ចិត្ត មិនមានអារម្មណ៍ និងមានអារម្មណ៍ជា អតីត ដូច្នេះ ជាពាក្យខុស ។ ចិត្ត ជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេឬ ។ អើ ។ ក្រែង ការពិចារណា ។ បេ ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីតឬ ។ អើ ។ ប្រសិនបើការពិចារណា ។ បេ ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្ត ជាអតីតារម្មណ៍ មិនមាន អារម្មណ៍ទេ ។