អភិធម្មបិដក វិតក្កវិប្ផារសទ្ទកថា

ក្បាលទី 72 · ទំព័រ 166

សំឡេង ជាគ្រឿងផ្សាយចេញនៃវិតក្ក របស់បុគ្គលកាល ត្រិះរិះ កាលពិចារណា ដោយសព្វគ្រប់ឬ ។ អើ ។ សំឡេង ជាគ្រឿង ផ្សាយចេញនៃផស្សៈ របស់បុគ្គលកាលពាល់ត្រូវដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃវេទនា របស់បុគ្គលកាលទទួលអារម្មណ៍ ដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃសញ្ញា របស់បុគ្គលកាលចំណាំបាន ដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃចេតនា របស់បុគ្គលកាល នឹកដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃចិត្ត របស់បុគ្គលកាល គិតដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃសតិ របស់បុគ្គលកាល រពឫកដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃបញ្ញា របស់បុគ្គល កាលដឹងដោយសព្វគ្រប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សំឡេង ជាគ្រឿងផ្សាយចេញនៃវិតក្ក របស់បុគ្គលកាលត្រិះរិះ កាលពិចារណាដោយសព្វគ្រប់ឬ ។ អើ ។ សំឡេង ជាគ្រឿងផ្សាយចេញនៃ វិតក្ក ជាសំឡេងដែលគួរដឹងបានដោយត្រចៀក ប៉ះទង្គិចក្នុងត្រចៀក មក កាន់គន្លងនៃត្រចៀកឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងសំឡេង ជាគ្រឿងផ្សាយចេញនៃវិតក្ក ជាសំឡេងមិនគួរដឹងដោយត្រចៀក មិនប៉ះទង្គិច ក្នុងត្រចៀក មិនមកកាន់គន្លងនៃត្រចៀកទេឬ ។ អើ ។ ប្រសិនបើ សំឡេង ជាគ្រឿងផ្សាយចេញនៃវិតក្ក ជាសំឡេងដែលមិនគួរដឹងដោយត្រចៀក មិនប៉ះ ទង្គិចក្នុងត្រចៀក មិនមកកាន់គន្លងនៃត្រចៀកទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិន គួរពោលថា សំឡេង ជាគ្រឿងផ្សាយចេញនៃវិតក្ក របស់បុគ្គលកាលត្រិះរិះ កាលពិចារណា ដោយសព្វគ្រប់ទេ ។