អដ្ឋកថាអតីតានាគតសមន្ថាគតកថា

ក្បាលទី 72 · ទំព័រ 183

ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គល ដែលប្រកបដោយអតីត និងអនាគតដូចតទៅក្នុង រឿងនោះ បណ្ឌិតគប្បីជ្រាបបញ្ញត្តិ ២ យ៉ាង គឺសមន្នាគតប្បញ្ញត្តិ គឺបញ្ញត្តិពាក្យថា ប្រកប ១ បដិលាភប្បញ្ញត្តិ គឺបញ្ញត្តិពាក្យថា ការបាន ចំពោះ ១ ។ ក្នុងបញ្ញត្តិ ២ យ៉ាងនោះ បុគ្គលដល់ព្រមដោយបច្ចុប្បន្នធម៌ លោក ហៅថា សមន្នាគត ឯសមាបត្តិទាំងឡាយរបស់បុគ្គលដែលបាន សមាបត្តិ ៨ មិនប្រព្រឹត្តទៅក្នុងខណៈជាមួយគ្នា ចំណែកមួយជាអតីត ចំណែកមួយជាអនាគត ចំណែកមួយជាបច្ចុប្បន្នក៏ពិត តែទោះជាយ៉ាងនោះ លោក ក៏ហៅថា លាភី គឺបុគ្គលមានប្រក្រតីបាន ព្រោះភាពជាបុគ្គលចាក់ ធ្លុះហើយ ជាអ្នកមិនវិនាសទៅ ។ ក្នុងបញ្ញានេះ ជនទាំងឡាយណា មិន កាន់យកការចែកយ៉ាងនេះ ហើយមានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈទាំងឡាយ ថា ព្រោះឈានទាំងឡាយ សូម្បីជាអតីត និងអនាគត មានដល់បុគ្គល ដែលបានឈាន ព្រោះហេតុនោះ ឈានលាភីបុគ្គលទាំងនោះ រមែងជាបុគ្គល ប្រកបដោយអតីតខ្លះ ដោយអនាគតខ្លះ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ។ ម្យ៉ាងទៀត បទថា អដ្ឋវិមោក្ខជ្ឈាយី ជាដើម សម្រេចដល់ភាពជាអ្នកមានប្រក្រតីបាន ( សមាបត្តិ ៨ ) មិនមែនសម្រេចដល់ភាពជាបុគ្គលប្រកបដោយអតីត និងអនាគត ដូច្នេះឡើយ ។