អដ្ឋកថានិរោធកថា
ឥឡូវនេះ នឹងពណ៌នាអំពីការរលត់ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈ ទាំងឡាយថា ខន្ធ ៥ គឺនាមក្ខន្ធ ៤ ដែលជាកុសល ឬជាអកុសល ដែលដល់នូវការរាប់ថា ជាកិរិយា និងរូប ដែលមានចិត្តជាសមុដ្ឋាន រមែង កើតឡើងព្រមជាមួយភង្គក្ខណៈរបស់ភវង្គចិត្ត ដែលដល់នូវការរាប់ថា ខន្ធ ដែលស្វែងរកការកើត ព្រោះថា កាលខន្ធទាំងនោះ មិនទាន់កើតឡើង កាល ភវង្គចិត្តរលត់ហើយ ការកាត់ផ្តាច់នៃសន្តតិគប្បីមាន ដូច្នេះ ពាក្យសួររបស់ សកវាទីថា ឧបបត្តេសិយេ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ បណ្តាបទទាំងនោះ បទថា ឧបបត្តេសិយេ ជាសត្តមីវិភត្តិ ឯកវចនៈ ចុះក្នុងអត្ថនៃសត្តមីវិភត្តិ ពហុវចនៈ ក្នុងបទទាំង ៤ ។ ក្នុងពាក្យនេះ លោកអធិប្បាយ ៤ បទថា ឧបបត្តេសិយេសុ បញ្ចសុ ខន្ធេសុ អនិរុទ្ធេសុ ប្រែថា កាលខន្ធ ៥ ដែលស្វែងរកនូវការកើតមិនទាន់ រលត់ ។ បទថា ទសន្នំ សកវាទីពោលដោយអំណាចនៃខន្ធ ៥ ដែលស្វែងរក ការកើត និងខន្ធ ៥ ដែលជាកិរិយា ។ ក្នុងបញ្ញាទាំងនោះ បញ្ញាដំបូង នោះ បរវាទីឆ្លើយបដិសេធដោយគិតថា ខន្ធទាំងនោះ ឈ្មោះថា មាន ៥ ប៉ុណ្ណោះ ដោយអំណាចនៃលក្ខណៈរបស់ខន្ធ និងដោយអំណាចនៃកិរិយា ។ ក្នុងបញ្ញាទី ២ បរវាទីសំដៅយកការផ្សេងគ្នានៃខន្ធ ៥ ដោយអំណាចនៃខន្ធ ដែលកើតមុន និងកើតក្រោយ និងដោយអំណាចនៃខន្ធ ដែលស្វែងរកការកើត និងខន្ធដែលជាកិរិយា ទើបឆ្លើយទទួល តែត្រូវសកវាទីសួរដល់ការប្រជុំ នៃផស្សៈ ២ យ៉ាង និងនៃចិត្ត ២ យ៉ាង ក៏ឆ្លើយបដិសេធ ព្រោះការ មិនមានគោលអាងក្នុងព្រះសូត្រ ។