អដ្ឋកថាសីលអចេតសិកន្តិកថា

ក្បាលទី 72 · ទំព័រ 219

ឥឡូវនេះ នឹងពណ៌នាអំពីសីល មិនមែនជាចេតសិកដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា ព្រោះកាលសីលកើតឡើង រលត់ទៅហើយ ឈ្មោះថា មានការសន្សំសីលដែលមានការសមាទានជាហេតុ ដែលជាហេតុ ឲ្យបុគ្គល ឈ្មោះថា ជាអ្នកមានសីល ព្រោះហេតុនោះឯង ទើបសីលមិន មែនចេតសិក ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ គប្បី ជ្រាបដោយន័យដែលពោលហើយក្នុងរឿងទាន មិនមែនចេតសិកនោះឯង ។ សូម្បីបរវាទីឲ្យលទ្ធិតាំងហើយ ក៏មិនអាចតាំងទុកបាន ព្រោះកាន់យក ព្រះសូត្រ ដោយមិនបានពិចារណា ដូច្នេះ ។