អភិធម្មបិដក សមាទានហេតុកកថា
សីល មានការសមាទានជាហេតុ ទើបចម្រើនឬ ។ អើ ។ ផស្សៈ មានការសមាទានជាហេតុ ទើបចម្រើន វេទនា ទើបចម្រើន សញ្ញា ទើបចម្រើន ចេតនា ទើបចម្រើន ចិត្ត ទើបចម្រើន សទ្ធា ទើបចម្រើន វីរិយៈ ទើបចម្រើន សតិ ទើបចម្រើន សមាធិ ទើបចម្រើន បញ្ញា ( មាន ការសមាទានជាហេតុ ) ទើបចម្រើនឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សីល មានការសមាទានជាហេតុ ទើបចម្រើនឬ ។ អើ ។ ( សីល ) ចម្រើនដូចជាវល្លិ ចម្រើនដូចជាពួរជ្រៃ ចម្រើនដូចជាឈើ ចម្រើន ដូចជាស្មៅ ចម្រើនដូចជាគុម្ពស្មៅយាប្លងឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ សីល មានការសមាទានជាហេតុ ទើបចម្រើនឬ ។ អើ ។ កាលបុគ្គលសមាទានសីលហើយ ត្រិះរិះនូវកាមវិតក្កៈ ត្រិះរិះនូវព្យាបាទវិតក្កៈ ត្រិះរិះវិហេសាវិតក្កៈ សីល ទើបចម្រើនឬ ។ អើ ។ ការប្រជុំនៃផស្សៈពីរ ។ បេ ។ នៃចិត្ត ២ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការប្រជុំនៃផស្សៈ ២ ។ បេ ។ នៃចិត្ត ២ មានឬ ។ អើ ។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយ ទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និង ស មកកាន់ភាពចំពោះមុខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកធម៌ ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាពចំពោះមុខឬ ។ អើ ។ ក្រែង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតដែលឆ្ងាយ ក្រៃលែងឆ្ងាយ ( អំពីគ្នា ) នេះ មាន ៤ ។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដីនេះ ជាធម្មជាតឆ្ងាយ ក្រៃលែងឆ្ងាយទី ១ ។