អដ្ឋកថាសមាទានហេតុកកថា
ក្បាលទី 72 · ទំព័រ 225
ឥឡូវនេះ នឹងពណ៌នាអំពីសីល មានការសមាទានជាហេតុ ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយនោះឯងថា សីល ដែលមានការសមាទានជាហេតុ រមែងចម្រើនបាន ព្រោះព្រះបាលីដែលកាន់យកអត្ថ ដោយមិនពិចារណា ក្នុងរឿងកសាងអារាមថា បុណ្យ រមែងចម្រើនសព្វកាល ដូច្នេះ ពាក្យសួរ របស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី សំដៅយកការសន្សំសីល ដែលមិនប្រកបដោយចិត្ត ។ ពាក្យ ដ៏សេស ដូចគ្នានឹងរឿងមុននោះឯង ដូច្នេះ ។