អដ្ឋកថា ឥទំ ទុក្ខន្តិកថា

ក្បាលទី 72 · ទំព័រ 252

ឥឡូវនេះ នឹងពណ៌នាអំពីការបន្លឺវាចាថា នេះទុក្ខដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា ក្នុងខណៈនៃលោកុត្តរមគ្គកើត ព្រះយោគាវចរបន្លឺវាចាថា នេះ ទុក្ខ កាលព្រះយោគាវចរនោះ ពោលវាចាថា នេះទុក្ខ យ៉ាងនេះ ញាណថា នេះទុក្ខ រមែងប្រព្រឹត្តទៅ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួលរបស់បរវាទី សំដៅយកការពោលវាចាបែបនោះ និងការប្រព្រឹត្តទៅនៃញាណ ក្នុងខណៈនៃមគ្គ ។ ព្រោះបរវាទីនោះ កាន់យក ថាបុថុជ្ជនប៉ុណ្ណោះ ពោលវាចា ដែលប្រកបដោយសច្ចៈដ៏សេស តែញាណ បែបនោះ មិនប្រព្រឹត្តទៅដល់បុគ្គលនោះ ព្រោះហេតុនោះ ទើបលោក បដិសេធក្នុងបញ្ញា មានសមុទយៈជាដើម ។ បទថា រូបំ អនិច្ចំ ជាដើម សកវាទីពោលដោយអំណាចនៃ ការសម្តែងបរិយាយនៃទុក្ខ ។ កាលបរវាទី មិនឃើញវោហារបែបនោះ ក្នុង លទ្ធិរបស់ខ្លួន ទើបឆ្លើយបដិសេធ ។ បទថា ឥ ក្តី បទថា ទំ ជាដើមក្តី សកវាទីពោលហើយ ដើម្បីសម្តែងថា បើញាណក្នុងទុក្ខរបស់ព្រះយោគាវចរនោះ ប្រព្រឹត្តទៅសោត ក៏រមែងប្រព្រឹត្តទៅដោយញាណ ៤ ដោយលំដាប់ក្នុងអក្ខរៈថា ឥ អក្ខរៈថា ទំ អក្ខរៈថា ទុ អក្ខរៈថា ខំ ឬ ។ តែបរវាទី មិនប្រាថ្នាបែបនោះ ព្រោះ ហេតុនោះ ទើបឆ្លើយបដិសេធ ។