អដ្ឋកថាឥទ្ធិពលកថា
ឥឡូវនេះ នឹងពណ៌នាអំពីកម្លាំងនៃឫទ្ធិដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា បុគ្គលដែលប្រកបដោយកម្លាំងនៃឫទ្ធិ គប្បីតាំង នៅបានអស់កប្ប ព្រោះកាន់យកអត្ថនៃអានិសង្សរបស់ឥទ្ធិបាទភាវនា ដោយ មិនពិចារណា ពាក្យសួររបស់សកវាទីថា ឥទ្ធិពលេន សមន្នាគតោ កប្បំ តិដ្ឋេយ្យ សំដៅដល់ជនទាំងនោះ ។ ក្នុងបញ្ញានោះ ឈ្មោះថា កប្ប មាន ៣ យ៉ាង គឺមហាកប កប្បឯកទេស ១ អាយុកប ។ ពិតហើយ មហាកប្បបុណ្ណោះ ព្រះមាន ព្រះភាគត្រាស់ហៅថា កប្ប ដែលមកក្នុងព្រះបាលី ( អង្គុត្តរនិកាយ ចតុក្កនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ ( កាលដែលយូររាប់មិនបាន ) នៃកប្បនេះ មាន ៤ ដូច្នេះ និងក្នុងព្រះបាលីថា អាយុនៃពួកព្រហ្មកាយិកទេវតា ប្រមាណ ១ កប្បនេះ លោកហៅថា កប្បឯកទេស ។ ក្នុងព្រះបាលី ( វិនយបិដក ចុល្លវគ្គ ) ថា ឆេះនៅក្នុងនរកអស់មួយកប្ប រីករាយក្នុងស្ថាន សួគ៌អស់មួយកប្ប នេះលោកហៅថា អាយុកប្ប អធិប្បាយថា ការកំណត់ អាយុ ការតាំងនៅនៃអាយុ ឈ្មោះថា ការកំណត់ព្រំដែននៃអាយុដោយ អំណាចផលនៃកម្ម ឬដោយការរាប់ឆ្នាំ ។ ក្នុងបញ្ញាទាំងនោះ សកវាទីសួរ សំដៅយកមហាកប្ប បរវាទីក៏ឆ្លើយទទួល ។ លំដាប់នោះ ទើបសកវាទី ពោលថា ឥទ្ធិមយិកោ សោ អាយុ ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើបុគ្គលប្រកបដោយកម្លាំងនៃឫទ្ធិ តាមលទ្ធិរបស់អ្នកនោះ គប្បីរស់នៅអស់ មហាកប ឬអស់មហាកប្បឯកទេស លើសអាយុកប្បដែលកំណត់ ( ក្នុង សំយុត្តនិកាយ និទានវគ្គ ) យ៉ាងនេះថា មនុស្សណារស់នៅយ៉ាងយូរ មនុស្ស នោះរស់នៅត្រឹម ១០០ ឆ្នាំ ឬតិចជាងក៏មាន ច្រើនជាងក៏មាន ដូច្នេះ អាយុ របស់បុគ្គលនោះ គប្បីសម្រេចដោយឫទ្ធិឬ ដូច្នេះ ។