អដ្ឋកថាសមាធិកថា
ឥឡូវនេះ នឹងពណ៌នាអំពីសមាធិដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ សព្វត្ថិកវាទ និងនិកាយឧត្តរាបថកៈទាំងឡាយថា ចិត្តសន្តតិជាសមាធិ ព្រោះ អាស្រ័យពុទ្ធវចនៈថា ព្រះតថាគត អាចដើម្បីនៅជាអ្នកទទួលសេចក្តីសុខ តែម្យ៉ាង អស់យប់ និងថ្ងៃទាំងឡាយ ៧ ដូច្នេះជាដើម ដោយមិនកាន់យក ថា ឯកគ្គតាចេតសិក កើតឡើងហើយក្នុងខណៈនៃចិត្តមួយ ឈ្មោះថា សមាធិ ព្រោះអត្ថថា ការតាំងចិត្តដូច្នេះ ពាក្យសួររបស់សកវាទីថា ចិត្តសន្តតិ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ គ្រានោះ ទើបសកវាទីពោលថា អតីតា ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើ ការបន្តនៃចិត្ត ជាសមាធិសោត ឈ្មោះថា ការបន្តនៃចិត្ត ដែលជាអតីតខ្លះ ដែលជាអនាគតខ្លះមាន មិនមែនចិត្តបច្ចុប្បន្នមួយដួងប៉ុណ្ណោះ ដែលឈ្មោះថា ចិត្តសន្តតិ ចិត្តសន្តតិទាំងអស់នោះ រមែងជាសមាធិ តាមលទ្ធិរបស់អ្នកឬ បរវាទីនោះ កាលមិនប្រាថ្នាបែបនោះ ទើបឆ្លើយបដិសេធ ។ បទថា ននុ អតីតំ និរុទ្ធំ ជាដើម សកវាទីពោលដើម្បីសម្តែងថា ក្នុង តំណនៃចិត្ត ចិត្តដែលកើតឡើងចំពោះមុខនោះឯង ធ្វើនូវកិច្ច ចិត្តដែលជា អតីត និងអនាគត ឈ្មោះថា មិនមាន ព្រោះជាចិត្តដែលរលត់ទៅហើយ និងព្រោះជាចិត្តដែលមិនទាន់កើតឡើង ចិត្តនោះ ឈ្មោះថា ជាសមាធិបាន ដូចម្តេច ។ ពាក្យសួរថា ឯកចិត្តក្ខណិកោ ជាពាក្យរបស់បរវាទី ។ បន្ទាប់អំពីនោះ ឯកគ្គតាណា ក្នុងលទ្ធិរបស់សកវាទី ដែលសម្បយុត្តដោយ បច្ចុប្បន្នកុសលចិត្ត ដែលព្រះមានព្រះភាគត្រាស់ហៅថា សមាធិ ក្នុងបាលី ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើនសមាធិ ដូច្នេះ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់សកវាទី សំដៅយកឯកគ្គតានោះ ។