អដ្ឋកថាធម្មដ្ឋិតតាកថា
ឥឡូវនេះ នឹងពណ៌នាអំពីការតាំងនៅនៃធម៌ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា ឈ្មោះថា ការតាំងនៅនៃធម៌ ពោល គឺបដិច្ចសមុប្បាទ ១ មាន ធម៌នោះ ជារបស់សម្រេចហើយ ដូច្នេះ ព្រោះអាស្រ័យបាលីថា ធាតុ នោះ តាំងនៅហើយនោះឯង ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើប សកវាទីពោលនឹងបរវាទីនោះថា តាយ ឋិតតា ដើម្បីចោទសួរបរវាទីនោះថា បើឈ្មោះថា ការតាំងនៅនៃធម៌ដទៃ ដែលសម្រេចហើយដល់ធម៌ទាំងឡាយ មានអវិជ្ជាជាដើម ដែលសម្រេចហើយមានសោត ការតាំងនៅដទៃ ដែល សម្រេចហើយ ព្រោះការតាំងនៅនៃធម៌នោះ តាមលទ្ធិរបស់អ្នក មានឬ ដូច្នេះ បរវាទីឆ្លើយបដិសេធ ព្រោះការមិនមានលទ្ធិយ៉ាងនោះ ។ បរវាទីត្រូវសួរលើកទី ២ ក៏ឆ្លើយទទួល សំដៅយកភាពជា អនន្តរប្បច្ច័យ និងភាពជាអញ្ញមញ្ញប្បច្ច័យ ។ ពាក្យដ៏សេស មានអត្ថងាយ យល់ហើយ ព្រោះមានន័យដូចខ្ញុំពោលហើយ ខាងដើមនោះឯង ។