អដ្ឋកថាសំវរកម្មន្តិកថា

ក្បាលទី 72 · ទំព័រ 274

ឥឡូវនេះ នឹងពោលអំពីការសង្រួមជាកម្មដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា ការសង្រួមក្តី ការមិនសង្រួមក្តី ជាកម្ម ព្រោះ អាស្រ័យព្រះសូត្រថា ឃើញនូវរូបដោយចក្ខុហើយ កាន់យកនូវនិមិត្ត ។ បេ ។ មិនកាន់យកនូវនិមិត្ត ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ក៏ពោលថា ចក្ខ្រុន្ទិយសំវរោ ចក្ខុកម្មំ ជាដើម ដើម្បីចោទសួរបរវាទីនោះថា ចេតនាឯណា ដែលសកវាទីពោលក្នុងលទ្ធិរបស់ខ្លួនថា ចេតនាកម្ម ចេតនា នោះ ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ វចីទ្វារ និងមនោទ្វារ បានឈ្មោះថា ជាកាយកម្មជាដើម យ៉ាងណា បើការសង្រួមតាមលទ្ធិរបស់អ្នកជាកម្មសោត ការសង្រួមនោះ កាលប្រព្រឹត្តទៅក្នុងចក្ខុន្ទ្រិយជាដើម ក៏គប្បីបានឈ្មោះថា ចក្ខុកម្មជាដើម យ៉ាងនោះ ។ ចំណែកបរវាទី កាលមិនឃើញបទព្រះសូត្រ បែបនោះ ក៏ឆ្លើយបដិសេធក្នុងទ្វារទាំង ៤ និងបដិសេធ ដោយសំដៅយក បសាទកាយ ក្នុងកាយទ្វារទី ៥ តែឆ្លើយទទួល សំដៅយកវិញ្ញត្តិកាយ ។ ពិតហើយ បរវាទីនោះ រមែងកាន់យកបសាទកាយខ្លះ វិញ្ញត្តិកាយខ្លះ ថាជា កាយ្រិន្ទិយនោះឯង ។ ក្នុងមនោទ្វារ សំដៅយកវិបាកទ្វារ រមែងឆ្លើយ បដិសេធ ។ សំដៅយកកម្មទ្វារ រមែងឆ្លើយទទួល ។ ក្នុងការមិនសង្រួម ក៏ន័យនេះ ។ ព្រះសូត្រថា ភិក្ខុឃើញរូបដោយចក្ខុជាដើម សម្តែងចំពោះនូវ ការសង្រួម និងការមិនសង្រួមក្នុងទ្វារទាំងឡាយបុណ្ណោះ មិនមែនសម្តែង ភាពដែលការសង្រួម និងការមិនសង្រួមជាកម្ម ព្រោះហេតុនោះ ព្រះសូត្រ ដែលលើកមកនោះ ទើបមិនមែនជាគោលអាងក្នុងទីនេះ ដូច្នេះ ។