អដ្ឋកថាកម្មកថា
ឥឡូវនេះ នឹងពោលអំពីកម្មដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា កម្មទាំងពួង មានវិបាក ព្រោះអាស្រ័យបទព្រះសូត្រ ( ក្នុងអង្គុត្តរនិកាយ ឆក្កនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ តថាគត ហៅចេតនា ថាជាកម្ម ដូច្នេះជាដើម ពាក្យសួររបស់សកវាទីថា សព្វំ កម្មំ ជាដើម ដើម្បីសម្តែងការចែកនេះដល់ជនទាំងនោះថា ចេតនាដែលព្រះសាស្តា ទ្រង់ត្រាស់ហៅថា កម្មដោយមិនប្លែកគ្នា ក្នុងពាក្យថា ម្នាលភិក្ខុទាំងឡាយ តថាគត ហៅចេតនា ថាជាកម្ម ដូច្នេះ ចេតនានោះ ជាកុសលក្តី ជាអកុសល ក្តី មានវិបាក ចំណែកចេតនាដែលជាអព្យាកត មិនមានវិបាកឡើយ ដូច្នេះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបញ្ញាទាំងឡាយទៀតថា សព្វា ចេតនា គប្បីជ្រាបថា បរវាទីឆ្លើយបដិសេធ សំដៅយកចេតនាដែល ជាអព្យាកត និងឆ្លើយទទួល សំដៅយកចេតនា ដែលជាកុសល និងជា អកុសល ។ បទថា វិបកាព្យាកតា ជាដើម សកវាទីពោល ដើម្បីសម្តែង ចេតនា ដែលមានវិបាក និងមិនមានវិបាក ដោយសង្ខេប ។ ពាក្យដ៏សេស ក្នុងទីនេះ មានអត្ថងាយយល់ហើយ ។ ព្រះសូត្រថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលថា ជាដើម ព្រះមានព្រះភាគ ត្រាស់សំដៅដល់ការសោយវិបាកក្នុងភពទាំងឡាយ មានភពបច្ចុប្បន្នជាដើម ក្នុងកាលបច្ច័យនៅមាន ព្រោះហេតុនោះ ទើប ព្រះសូត្រនោះ មិនមែនជាគោលអាងក្នុងរឿងនេះ ។