អដ្ឋកថាសទ្ទវិបាកោតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីសំឡេងជាវិបាកដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា សំឡេងជាវិបាក ព្រោះមិនពិចារណាអត្ថ ហើយ កាន់យកពាក្យដែលព្រះមានព្រះភាគត្រាស់ថា តថាគតនោះ ជាបុគ្គលមាន សំឡេង ដូចសំឡេងព្រហ្ម … ព្រោះធ្វើកម្មនោះ ដែលបានធ្វើហើយ បាន សន្សំហើយ បានចម្រើនហើយ ជាកម្មបរិបូណ៌ ដូច្នេះ ។ ពាក្យសួររបស់ សកវាទី ពោលដើម្បីសម្តែងដល់ជនទាំងនោះថា អរូបធម៌ទាំងឡាយ គឺ នាមក្ខន្ធ ៤ មានកម្មជាសមុដ្ឋាន រមែងបានឈ្មោះថា វិបាក តែវោហារនេះ មិនមានក្នុងរូបធម៌ទាំងឡាយ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា សុខវេទនីយោ ជាដើម សកវាទីពោលដើម្បីសម្តែងថា ឈ្មោះថា វិបាក ហើយ រមែងយ៉ាងនេះ ។ ព្រះសូត្រដែលព្រះមានព្រះភាគត្រាស់ថា តថាគតនោះ ជា បុគ្គលមានសំឡេងដូចសំឡេងនៃព្រហ្ម ព្រោះកម្មនោះ បានធ្វើហើយជាដើម ដែលបរវាទីនាំមកពោលនោះ ក៏ដើម្បីសម្តែងឲ្យជ្រាបដល់ការបាន ( មហាបុរិស ) លក្ខណៈ ។ ពិតហើយ ព្រះមហាបុរសជាអ្នកមានបរិវារដែលល្អ ក៏ព្រោះធ្វើកម្មក្នុងកាលមុន តែបរិវារនោះ ក៏មិនមែនវិបាក ព្រោះហេតុនោះ ទើបព្រះសូត្រនេះ មិនមែនជាគោលអាងថា សំឡេង ជាវិបាក ដូច្នេះ ។