អដ្ឋកថាជីវិតាវោរោបនកថា
ឥឡូវនេះ នឹងពណ៌នារឿងការក្លែងផ្តាច់ជីវិតដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា ព្រោះបាណាតិបាត មានដោយចិត្តដែលសម្បយុត្តជាមួយទោសៈ ព្រះអរិយបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គឺសោតាបន្ន លះទោសៈមិនទាន់បាន ព្រោះហេតុនោះ ព្រះអរិយបុគ្គលដែលបរិបូណ៌ ដោយទិដ្ឋិនោះ គប្បីក្លែងផ្តាច់ជីវិតសត្វបាន ដូច្នេះ ពាក្យសួររបស់សកវាទី ថា ទិដ្ឋិសម្បន្នោ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ ក្នុងបញ្ញាទាំងឡាយ មានបទថា សញ្ចិច្ច មាតរំ ជាដើម បរវាទីឆ្លើយបដិសេធ ព្រោះខ្លាចខុសអំពីព្រះសូត្រ ដែលព្រះមានព្រះភាគ ត្រាស់ថា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ ដូច្នេះ ។ [ ៧២-៧៥ ] បទថា សត្ថរិ អគារវោ ជាដើម សកវាទីពោលដើម្បី សម្តែងការមិនឈានកន្លងសិក្ខាបទ របស់បុគ្គលដែលមានការគោរពក្នុងព្រះសាស្តា ជាដើម ។ បរវាទីឆ្លើយបដិសេធ ដោយគិតថា ឈ្មោះថា ការមិន គោរពរបស់ព្រះអរិយៈ ដែលបរិបូណ៌ដោយទិដ្ឋិនោះ ដោយអំណាចនៃ អកុសល មិនមាន និងឆ្លើយទទួលនូវភាពដែលព្រះសោតាបន្ន ដែលមាន សេចក្តីគោរព ត្រូវសួរទៀតថា អគារវោ ក៏បរវាទីឆ្លើយទទួល សំដៅយក ការមិនធ្វើអភិវាទ និងមិនធ្វើប្រទក្សិណព្រះចេតិយ ព្រោះមិនបានមនសិការ ទាក់ទងនឹងការមិនមានសតិ របស់ព្រះសោតាបន្ន ដែលមានចិត្តរាយមាយ ព្រោះរវល់ខ្វល់ខ្វាយក្នុងកិច្ចដទៃៗ ។ ត្រូវសួរទៀតដោយន័យថា ឱហទេយ្យ ជាដើម បរវាទីឆ្លើយបដិសេធ ព្រោះមិនក្លែងធ្វើដោយកិរិយាបែបនោះ ។ ពាក្យដ៏សេស មានអត្ថងាយយល់ហើយ ។