អភិធម្មបិដក សត្តមភវិកកថា
ក្បាលទី 72 · ទំព័រ 302
បុគ្គល មិនគួរនិយាយថា បុគ្គលដែលកើតក្នុងភពជាគម្រប់ ៧ លះបង់ទុគ្គតិទេឬ ។ អើ ។ បុគ្គលដែលកើតក្នុងភពជាគម្រប់ ៧ គប្បី កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ព្រោះហេតុនោះ បុគ្គលដែលកើតក្នុងភពជាគម្រប់ ៧ លះបង់ទុគ្គតិ ។ ឧទ្ទាននៃទ្វាទសមវគ្គនោះ គឺ និយាយអំពីសេចក្តីសង្រួមជាកម្ម ១ សេចក្តីមិនសង្រួមជាកម្ម ដូចគ្នា ១ កម្មទាំងអស់ប្រកបដោយវិបាក ១ សំឡេង ជាវិបាក ១ សឡាយតនៈជាវិបាក ១ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ១ កោលំកោលៈ បុគ្គលទៀងដោយការកើត ៦ ដងទៀត ១ ឯកវីជិបុគ្គល ទៀងដោយពូជមួយទៀត ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ក្លែង ផ្តាច់បង់ជីវិតសត្វ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ ទុគ្គតិ ១ បុគ្គលដែលកើតក្នុងភពជាគម្រប់ ៧ លះបង់ ទុគ្គតិដូចគ្នាដែរ ១ ។