អភិធម្មបិដក កុសលចិត្តប្បដិលាភកថា

ក្បាលទី 72 · ទំព័រ 309

បុគ្គលតាំងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេ បុគ្គលតាំងនៅអស់កប្ប គប្បីឲ្យនូវទានដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលតាំងនៅអស់កប្ប គប្បីឲ្យនូវទានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា បុគ្គលតាំងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេ ។ បុគ្គលតាំងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេ បុគ្គលតាំងនៅអស់កប្ប គប្បីឲ្យចីវរឬ ។ បេ ។ ឲ្យបិណ្ឌបាត ។ បេ ។ ឲ្យសេនាសនៈ ។ បេ ។ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យវត្ថុគួរទំពាស៊ី ឲ្យ វត្ថុគួរបរិភោគ ឲ្យទឹកគួរផឹក ថ្វាយបង្គំចេតិយ លើកឡើងនូវផ្កាកម្រង លើកឡើង នូវគ្រឿងក្រអូប លើកឡើងនូវគ្រឿងលាបក្នុងចេតិយ ។ បេ ។ ធ្វើនូវ ចេតិយ ឲ្យជាអភិទក្សិណដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលតាំងនៅអស់កប្ប គប្បីធ្វើនូវចេតិយ ឲ្យជាអភិទក្សិណ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលតាំងនៅអស់កប្ប មិនគប្បីបានចំពោះនូវកុសលចិត្តទេ ។ បេ ។ បុគ្គលតាំងនៅអស់កប្ប គប្បីបានចំពោះនូវកុសលចិត្តដែរឬ ។ អើ ។ បុគ្គលគប្បីបានចំពោះនូវកុសលចិត្ត ដែលចេញចាកកប្បនោះដែរឬ ។ អើ ។ បុគ្គលគប្បីបានចំពោះនូវកុសលចិត្ត ជារូបាវចរ ។ បេ ។ អរូបាវចរ ។ បេ ។ លោកុត្តរដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។