អដ្ឋកថាកុសលាកុសលប្បដិសន្ទហនកថា
ឥឡូវនេះ នឹងពណ៌នាអំពីការបន្តនៃកុសល និងអកុសល ដូចតទៅក្នុង រឿងនោះ កុសល ឈ្មោះថា កើតឡើង ក្នុងលំដាប់នៃអកុសល ឬ អកុសល ឈ្មោះថា កើតឡើង ក្នុងលំដាប់នៃកុសល មិនមាន ព្រោះហេតុ នោះ ទើបការបន្តនូវគ្នានិងគ្នារបស់កុសល និងអកុសលទាំងនោះ មិនត្រឹមត្រូវ ។ ជនទាំងឡាយណា កាន់យកលទ្ធិ ដូចលទ្ធិរបស់និកាយមហាសង្ឃិកៈ ទាំងឡាយថា ព្រោះបុគ្គលត្រេកត្រអាល និងប្រាសចាកតម្រេក ក្នុងវត្ថុតែមួយ នោះឯង ហេតុនោះ ទើបធម៌នោះ ឈ្មោះថា បន្តនូវគ្នានិងគ្នា ដូច្នេះ ពាក្យ សួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ ពាក្យទាំងពីរ គឺ អាវដ្តនា បណិធិ ជាឈ្មោះរបស់ អាវជ្ជនចិត្តនោះឯង ។ ពិតហើយ ឈ្មោះថា អាវជ្ជន ព្រោះអត្ថថា ញ៉ាំង ភវង្គចិត្តនោះឲ្យវិល ( ដាច់ ) ទៅ ។ ឈ្មោះថា បណិធិ ព្រោះអត្ថថា តម្កល់ គឺការតាំងចិត្តក្នុងអារម្មណ៍ ដទៃចាកអារម្មណ៍របស់ភវង្គ ។ បទថា កុសលំ អនាវដ្តេន្តស្ស សេចក្តីថា សកវាទីសួរថា កុសលនោះ ដែលកើតបន្តក្នុង លំដាប់នៃអកុសល កុសលនោះ រមែងកើតដល់បុគ្គលមិននឹកដល់ឬ ឯបរវាទី កាលមិនឃើញការកើតឡើងរបស់កុសល ដោយវៀរចាកការនឹករាវរក ទើប ឆ្លើយបដិសេធ ។ បទថា កុសលំ អយោនិសោ មនសិករោតោ នេះ សកវាទីពោលដើម្បីចោទសួរថា បើកុសលគប្បីកើតក្នុងលំដាប់នៃអកុសល សោត កុសលនោះ ក៏គប្បីកើតដល់បុគ្គលដែលមនសិការដោយឧបាយមិន ត្រូវទំនង ដោយការបង្អោននឹកដល់អកុសលនោះឯង ។ បទដ៏សេស គប្បី ជ្រាបតាមព្រះបាលីនោះឯង ។ បទថា ននុ យស្មឹយេវ វត្ថុស្មឹ ជាដើម សម្តែង នូវការកើតឡើងនៃចិត្ត មានរាគៈ និងចិត្តដែលប្រាសចាករាគៈ ក្នុងអារម្មណ៍ តែមួយ មិនមែនសម្តែងនូវភាពដែលកុសល និងអកុសល មានក្នុងលំដាប់ នូវគ្នានិងគ្នា