អដ្ឋកថាសឡាយតនុប្បត្តិកថា

ក្បាលទី 72 · ទំព័រ 350

ឥឡូវនេះ នឹងពណ៌នាការកើតឡើងនៃសឡាយតនៈដូចតទៅក្នុង រឿងនោះ លទ្ធិរបស់បរវាទីថា អាយតនៈ ៦ ខាងក្នុងរបស់ឱបបត្តិកកំណើតទាំងឡាយ កើតឡើងព្រមជាមួយបដិសន្ធិចិត្ត ដួងដែលស្វែងរកការកើត នោះឯង ។ សម្រាប់គភ្ភសេយ្យកៈ ក្នុងអាយតនៈ ៦ ខាងក្នុង ទាំង មនាយតនៈ និងកាយាយតនៈបុណ្ណោះ កើតឡើងក្នុងបដិសន្ធិក្ខណៈ ចំណែក អាយតនៈ ៤ ដ៏សេស កើតឡើងក្នុងរាត្រី ៧ និង ៧ ( រាល់ៗ សប្តាហ៍ ) ។ អាយតនៈទាំងនោះ កើតឡើង ព្រោះកម្មដែលឲ្យបដិសន្ធិនោះឯង ឬកម្មដទៃ ដែលជាកម្មដែលខ្លួនធ្វើហើយ ដូច្នេះ ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយបុព្វសេលិយៈ និង និកាយអបរសេលិយៈទាំងឡាយថា អាយតនៈ ៦ ខាងក្នុង ដែលជាពូជ កើតក្នុងខណៈនៃបដិសន្ធិ ក្នុងផ្ទៃរបស់មាតានោះឯង ព្រោះការកើតអំពីកម្ម តែមួយ ដូចពន្លកនៃដើមឈើដែលមានមែកជាដើម ដែលមានមែក ប្រគាប ដែលបរិបូណ៌ហើយជាដើម ដូច្នេះ ពាក្យសួររបស់សកវាទីថា សឡាយតនំ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា សព្វង្គប្បច្ចង្គី ជាដើម សកវាទីពោលដើម្បីចោទសួរថា កាលសឡាយតនៈមាន សត្វដែលកើតក្នុងផ្ទៃ គប្បីបែបនេះហើយ ទើបឈានចុះកាន់ផ្ទៃ មាតាឬ ។ ពាក្យសួរថា មាតុកុច្ឆិគតស្ស ជាពាក្យរបស់បរវាទី ។ ពាក្យសួរតទៅខាងមុខថា មាតុកុច្ឆិគតស្ស បច្ឆា កេសា ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថងាយ យល់ហើយ ។