អដ្ឋកថាអរិយរូបកថា
ឥឡូវនេះ នឹងពណ៌នាអំពីអរិយរូប គឺរូបរបស់ព្រះអរិយៈ ឬរូបដ៏ប្រសើរដូចតទៅក្នុង រឿងនោះ ជនពួកណា មានលទ្ធិ ដូចលទ្ធិរបស់និកាយឧត្តរាបថកៈ ទាំងឡាយថា សម្មាវាចា សម្មាកម្មន្តៈ ជារូបហើយ រូបនោះឯងជាឧបាទាយរូប ព្រោះព្រះបាលី ( ក្នុងមជ្ឈិមនិកាយ ឧបរិបណ្ណាសក ) ថា រូបទាំងអស់ ( នោះ ) គឺមហាភូតរូប ៤ និងរូបដែលអាស្រ័យនូវមហាភូតរូប ៤ ក្តី ដូច្នេះ ។ ពាក្យសួររបស់សកវាទីថា អរិយរូបំ មហាភូតានំ ឧបទាយ ដូច្នេះ សំដៅ ដល់ជនទាំងនោះ ។ បណ្ឌិតគប្បីជ្រាបវិគ្គហៈ ពាក្យថា អរិយរូប ក្នុងបញ្ញា នោះ ដូច្នេះថា រូបនៃព្រះអរិយៈទាំងឡាយ ឈ្មោះថា អរិយរូប ឬថា រូបដ៏ ប្រសើរ ឈ្មោះថា អរិយរូប ។ បរវាទីឆ្លើយទទួលថា អាមន្តា ព្រោះតាំង នៅក្នុងលទ្ធិ ។ ត្រូវសួរថា កុសលំ ក៏ឆ្លើយទទួលដោយអំណាចនៃលទ្ធិនោះ ឯង ។ ក្នុងពាក្យសួរថា អរិយរូប ជាអនាសវៈជាដើម ក៏មានន័យនេះ ដូចគ្នា ។ ព្រះសូត្រថា យំ កិញ្ចិ រូបំ ជាដើម រមែងសម្តែងដល់ ភាពដែលរូបទាំងឡាយដ៏សេស វៀរលែងមហាភូតរូបចេញ ជាឧបាទាយរូប មិនមែនសម្តែងដល់ភាពដែលសម្មាវាចា សម្មាកម្មន្តៈទាំងនោះ ជាឧបាទាយរូប ឡើយ ។ ពិតហើយ ភាពដែលសម្មាវាចា សម្មាកម្មន្តៈទាំងនោះជារូប មិន សម្រេច ហើយភាពជាឧបាទាយរូបរបស់សម្មាវាចាជាដើមនោះ មានមក អំពីណា ព្រោះហេតុនោះ ទើបព្រះសូត្រនេះ មិនជាគោលអាង ដូច្នេះ ។